យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស សាច់ជ្រូកគឺជាប្រភពនៃប្រូតេអ៊ីនដ៏ល្អ ដែលសម្បូរទៅដោយវីតាមីន ជាតិដែក និងស័ង្កសី ប៉ុន្តែការញ៉ាំសាច់ជ្រូកជារៀងរាល់ថ្ងៃដោយមិនផ្លាស់ប្តូរមុខម្ហូប អាចបង្កជាបញ្ហាសុខភាពជាច្រើន។
ការផ្ដោតតែលើសាច់ជ្រូកមួយមុខ នឹងធ្វើឱ្យរាងកាយបាត់បង់តុល្យភាពអាហារូបត្ថម្ភ និងខ្វះខាតវីតាមីនចាំបាច់ផ្សេងៗដែលទទួលបានពីត្រី សាច់មាន់ ឬប្រូតេអ៊ីនពីរុក្ខជាតិ។ លើសពីនេះ សាច់ជ្រូកគឺជាអាហារដែលសម្បូរកាឡូរី ជាពិសេសផ្នែកសាច់ជ្រូកបីជាន់ ជើងជ្រូក និងគ្រឿងក្នុង ដែលមានផ្ទុកខ្លាញ់ឆ្អែតខ្ពស់ បណ្ដាលឱ្យកើនឡើងនូវកូឡេស្តេរ៉ុលអាក្រក់ ក្នុងឈាម និងបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងភាពធាត់លើសទម្ងន់។
ដើម្បីទទួលបានសុខភាពល្អមាំមួន អ្នកជំនាញណែនាំឱ្យរៀបចំរបបអាហារដែលមានភាពចម្រុះ។ ក្នុងរបបអាហារប្រចាំថ្ងៃ ជាតិម្សៅគួរមានចំណែកពី ៥០% ទៅ ៦០% (បានមកពីបន្លែ និងធញ្ញជាតិ) ចំណែកប្រូតេអ៊ីនគួរមានពី ១៣% ទៅ ២០% ដោយផ្ដោតសំខាន់លើគ្រឿងសមុទ្រ និងសាច់បក្សី (មាន់ ទា) ឱ្យបានច្រើនជាងសាច់ជ្រូក និងសាច់គោ។ ការញ៉ាំសាច់ជ្រូកក្នុងកម្រិតសមល្មម និងការលាយឡំជាមួយខ្លាញ់ល្អពីគ្រាប់ធញ្ញជាតិ និងត្រី នឹងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និងរក្សាបាននូវថាមពលប្រកបដោយតុល្យភាព។
ការផ្លាស់ប្តូរទម្លាប់ពីការញ៉ាំសាច់ជ្រូករាល់ថ្ងៃ មកជាការញ៉ាំអាហារចម្រុះមុខ គឺជាជំហានដ៏វៃឆ្លាតដើម្បីការពាររាងកាយពីជំងឺរ៉ាំរ៉ៃផ្សេងៗ៕