យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស តែគុជគឺជាភេសជ្ជៈសំណព្វចិត្តរបស់មនុស្សជាច្រើន ប៉ុន្តែវាមានផ្ទុកជាតិស្ករ និងកាឡូរីខ្ពស់ដែលងាយនឹងធ្វើឱ្យឡើងទម្ងន់។ ទោះជាយ៉ាងណា លោកអ្នកនៅតែអាចរីករាយជាមួយវាបាន ប្រសិនបើចេះប្រើប្រាស់យុទ្ធសាស្ត្រឆ្លាតវៃដើម្បីគ្រប់គ្រងតុល្យភាពថាមពលក្នុងរាងកាយ។
វិធីដំបូងដែលងាយបំផុតគឺការកាត់បន្ថយកម្រិតស្ករ ដោយលោកអ្នកអាចកុម្ម៉ង់យកកម្រិតស្ករត្រឹមតែ ៥០% ឬ ៣០% ជំនួសឱ្យកម្រិតធម្មតា ដែលការធ្វើបែបនេះនឹងជួយកាត់បន្ថយកាឡូរីបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយកែវ។
ក្រៅពីការកាត់បន្ថយស្ករ អ្នកអាចប្រើវិធី “រារាំងជាតិខ្លាញ់” ដោយការបន្ថែមម្សៅឈើអែម កន្លះស្លាបព្រាកាហ្វេ ឬទឹកក្រូចឆ្មារពីរស្លាបព្រាកាហ្វេចូលក្នុងតែគុជ ដើម្បីជួយសម្រួលដល់ការរំលាយអាហារ និងកាត់បន្ថយការបឺតស្រូបជាតិស្ករ។ បន្ថែមពីនេះ ការធ្វើលំហាត់ប្រាណខ្លីៗដូចជាការធ្វើ រយៈពេល ៩០ វិនាទី មុនពេលញ៉ាំ និង ៣០ នាទីក្រោយពេលញ៉ាំ នឹងជួយឱ្យរាងកាយប្រើប្រាស់ថាមពលពីភេសជ្ជៈនោះបានលឿនជាងមុន។ ពេលវេលាដ៏ល្អបំផុតសម្រាប់ញ៉ាំតែគុជ គឺភ្លាមៗបន្ទាប់ពីអាហារចម្បងដែលសម្បូរបន្លែ និងមានជាតិម្សៅតិច ដើម្បីបង្ការកុំឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំងភ្លាមៗ។
ការញ៉ាំដោយ “សតិស្មារតី” ក៏ជាគន្លឹះសំខាន់មួយដែរ ដោយលោកអ្នកគួរក្រេបរស់ជាតិតែគុជយឺតៗ និងដឹងគុណនូវរាល់រសជាតិដែលទទួលបាន។ ការញ៉ាំយឺតៗបែបនេះជួយឱ្យខួរក្បាលឆាប់ទទួលសញ្ញាឆ្អែត និងកាត់បន្ថយការញ៉ាំលើសកម្រិត។
ជាចុងក្រោយ ប្រសិនបើអាច លោកអ្នកគួរងាកមកសាកល្បងជម្រើសសុខភាពផ្សេងៗដែលមានរសជាតិស្រដៀងតែគុជ ដូចជាការប្រើម្សៅប្រូតេអ៊ីនរសជាតិតែគុជ ឬការប្រើទឹកដោះគោគ្រាប់ស្វាយចន្ទី និងទឹកដោះគោដូងជំនួសវិញ ដើម្បីរក្សាសុខភាពវែងឆ្ងាយ និងរាងស្លីមស្អាតជានិរន្តរ៍៕