យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាវិក្កយបត្រអគ្គិសនីកើនឡើងខ្ពស់ជារៀងរាល់ខែ ទោះបីជាអ្នកមានអារម្មណ៍ថាប្រើប្រាស់ឧបករណ៍ធំៗក្នុងកម្រិតដដែល? ការពិត មូលហេតុចម្បងមិនមែនកើតចេញតែពីការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឬទូរទស្សន៍ប៉ុណ្ណោះទេ ប៉ុន្តែវាបណ្ដាលមកពីទម្លាប់រស់នៅតូចតាចដែលអ្នកតែងតែមើលរំលង។ ការយល់ដឹង និងការកែប្រែទម្លាប់អចេតនាទាំង ១០ យ៉ាងនេះ នឹងជួយឱ្យអ្នកសន្សំសំចៃថាមពល និងកាត់បន្ថយការចំណាយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។
ទម្លាប់ដែលបង្កគ្រោះថ្នាក់បំផុតគឺការដោតឌុយចោលជានិច្ច ទោះបីជាបិទកុងតាក់ឧបករណ៍ដូចជាទូរទស្សន៍ ឬមីក្រូវ៉េវហើយក៏ដោយ ព្រោះវានៅតែបន្តបឺតយកថាមពលក្នុងរបៀបរង់ចាំ។ ស្របពេលជាមួយគ្នានេះ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ដោយមិនបិទទ្វារបង្អួចឱ្យជិត ឬការកំណត់សីតុណ្ហភាពទាបពេកដល់ ១៨-២០ អង្សាសេ គឺជាដើមហេតុធ្វើឱ្យម៉ាស៊ីនធ្វើការធ្ងន់ និងស៊ីភ្លើងលើសកម្រិត។ លោកអ្នកគួរកំណត់នៅកម្រិត ២៥ អង្សាសេ ដែលជាកម្រិតសន្សំសំចៃបំផុត។ បន្ថែមពីនេះ ការបើកភ្លើងចោលក្នុងបន្ទប់ដែលគ្មានមនុស្សនៅ និងការបើកទូរទស្សន៍គ្រាន់តែដើម្បីឱ្យមានសំឡេងរំខាន ក៏ជាការខ្ជះខ្ជាយថាមពលដោយគ្មានប្រយោជន៍ដែរ។
ចំណុចសំខាន់មួយទៀតគឺការថែទាំ និងរបៀបប្រើប្រាស់ឧបករណ៍ផ្ទះបាយ។ ការបើកទូរទឹកកកញឹកញាប់ពេក ឬការញាត់របស់របរចូលក្នុងទូរទឹកកកច្រើនហួសប្រមាណ នឹងធ្វើឱ្យប្រព័ន្ធត្រជាក់រាំងស្ទះ និងបង្ខំឱ្យម៉ាស៊ីនបង្ហាប់ធ្វើការខ្លាំងជាងមុន។ ជាមួយគ្នានេះ ការប្រើប្រាស់ឧបករណ៍អគ្គិសនីចាស់ៗដែលគ្មានបច្ចេកវិទ្យាសន្សំសំចៃភ្លើង និងការខកខានមិនបានលាងសម្អាតម៉ាស៊ីនត្រជាក់ឱ្យបានទៀងទាត់ ក៏ជាកត្តាធ្វើឱ្យការប្រើប្រាស់អគ្គិសនីហក់ឡើងខ្ពស់ដែរ។
សម្រាប់ផ្នែកបោកគក់ ការបោកខោអាវម្ដងបន្តិចៗញឹកញាប់ពេក នឹងធ្វើឱ្យម៉ាស៊ីនបោកគក់ស៊ីភ្លើង និងទឹកលើសកម្រិត ដូច្នេះអ្នកគួររង់ចាំឱ្យខោអាវពេញធុងសឹមបោកក្នុងពេលតែមួយ។ ជាចុងក្រោយ ការប្រើប្រាស់ព្រីភ្លើងដែលគ្មានកុងតាក់បិទបើកដាច់ដោយឡែក ក៏ជាចន្លោះប្រហោងដែលនាំឱ្យមានការលេចធ្លាយថាមពលផងដែរ។
ការផ្លាស់ប្តូរឥរិយាបថសាមញ្ញៗទាំងនេះ មិនត្រឹមតែជួយឱ្យអ្នកចំណេញថវិកាក្នុងហោប៉ៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ថាមពលមិនចាំបាច់ទៀតផង៕