អាការចុកឆ្អល់ពោះក្រោយពេលញ៉ាំអីរួច គឺជាបញ្ហាប្រព័ន្ធរំលាយអាហារទូទៅមួយ ដែលអាចបណ្ដាលមកពីមូលហេតុខុសៗគ្នា ចាប់ពីទម្លាប់រស់នៅ រហូតដល់បញ្ហាសុខភាពក្នុងក្រពះពោះវៀន ។ ខាងក្រោមនេះគឺជាមូលហេតុចម្បងៗ ៖
១. ទម្លាប់នៃការញ៉ាំអាហារ
-ញ៉ាំលឿនពេក៖ ការទំពារមិនបានម៉ត់ល្អ ធ្វើឱ្យក្រពះត្រូវធ្វើការធ្ងន់ និងនាំឱ្យខ្យល់ចូលក្នុងពោះច្រើន ដែលបង្កជាការឆ្អល់។
-ញ៉ាំច្រើនហួសកម្រិត៖ ការញ៉ាំរហូតដល់ឆ្អែតខ្លាំង ធ្វើឱ្យក្រពះរីកធំ និងសង្កត់លើសរីរាង្គផ្សេងទៀត។
-អាហារដែលបង្កជាតិហ្គាស (Gas)៖ អាហារផ្អែមខ្លាំង អាហារបំពងខ្លាញ់ច្រើន ភេសជ្ជៈដែលមានហ្គាស (កូកា កាហ្វេ) ឬអាហារហឹរខ្លាំង។
២. បញ្ហាសុខភាពក្រពះ និងពោះវៀន
-ជំងឺរលាកក្រពះ ឬដំបៅក្រពះ៖ នៅពេលញ៉ាំអាហារចូលទៅ ជាតិអាស៊ីតក្នុងក្រពះនឹងបញ្ចេញមកដុតរំលាយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់កន្លែងដែលមានដំបៅ បង្កជាការចុកឆ្អល់ ឬក្រហាយ។
-ការចាលអាស៊ីតក្រពះ (GERD)៖ អាស៊ីតច្រាលឡើងមកលើបំពង់អាហារ ធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អល់ណែនដើមទ្រូង និងជូរមាត់។
-បញ្ហាថង់ទឹកប្រមាត់៖ ប្រសិនបើអ្នកចុកឆ្អល់ខ្លាំងនៅផ្នែកខាងស្តាំនៃពោះ ជាពិសេសក្រោយញ៉ាំអាហារមានជាតិខ្លាញ់ វាអាចជាសញ្ញានៃក្រួសក្នុងថង់ទឹកប្រមាត់។
៣. ការមិនចុះសម្រុងជាមួយអាហារ (Food Intolerance)
-អាឡែស៊ីជាតិឡាក់តូស (Lactose Intolerance)៖ រាងកាយមិនអាចរំលាយជាតិស្ករនៅក្នុងទឹកដោះគោបាន ដែលបណ្ដាលឱ្យហើមពោះ និងចុកពោះក្រោយពេលញ៉ាំផលិតផលធ្វើពីទឹកដោះគោ។
៤. កត្តាផ្លូវចិត្ត
-ស្ត្រេស ឬការបារម្ភ៖ ប្រព័ន្ធប្រសាទដែលគ្រប់គ្រងពោះវៀនមានទំនាក់ទំនងជិតស្និទ្ធជាមួយខួរក្បាល។ បើអ្នកញ៉ាំអាហារទាំងអារម្មណ៍តានតឹង វានឹងធ្វើឱ្យការរំលាយអាហារមិនល្អ។