ជំងឺមហារីកមាត់ស្បូន ជាញឹកញាប់មិនបង្ហាញរោគសញ្ញាច្បាស់លាស់នៅដំណាក់កាលដំបូងឡើយ ។ ទោះជាយ៉ាងណា នៅពេលដែលកោសិកាមហារីកចាប់ផ្ដើមរីករាលដាល អ្នកជំងឺអាចសង្កេតឃើញសញ្ញាព្រមានសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១. ការធ្លាក់ឈាមតាមទ្វារមាសមិនធម្មតា
នេះជារោគសញ្ញាទូទៅបំផុត ដែលរួមមាន៖
-ការធ្លាក់ឈាមនៅចន្លោះពេលមករដូវ។
-ការធ្លាក់ឈាមក្រោយពេលរួមភេទ។
-ការធ្លាក់ឈាមចំពោះស្ត្រីដែលអស់រដូវហើយ ។
-ការមករដូវយូរជាងធម្មតា ឬឈាមរដូវធ្លាក់មកច្រើនខុសប្រក្រតី។
២. ការធ្លាក់សមិនធម្មតា
-ការធ្លាក់សមានលាយឈាម។
-ធ្លាក់សមានក្លិនឆ្អាត ឬក្លិនស្អុយខុសធម្មតា។
-ទឹកស ដែលធ្លាក់មកមានសភាពរាវខ្លាំង ឬមានពណ៌ផ្កាឈូក។
៣. ការឈឺចាប់ក្នុងអំឡុងពេលរួមភេទ
-មានអារម្មណ៍ឈឺចាប់ខ្លាំង ឬមិនស្រណុកក្នុងខ្លួន នៅពេលមានទំនាក់ទំនងផ្លូវភេទ ដែលមិនធ្លាប់កើតមានពីមុនមក ។
៤. ការឈឺចាប់នៅតំបន់អាងត្រគាក
-មានការឈឺចាប់ជាប់រហូតនៅតំបន់ពោះផ្នែកខាងក្រោម ឬតំបន់អាងត្រគាក ដោយមិនដឹងមូលហេតុច្បាស់លាស់ (មិនមែនឈឺពោះពេលមករដូវ)។
៥. រោគសញ្ញានៅដំណាក់កាលធ្ងន់ធ្ងរ (នៅពេលមហារីករីករាលដាល)
ប្រសិនបើជំងឺឈានដល់ដំណាក់កាលកម្រិតខ្ពស់ រោគសញ្ញាបន្ថែមអាចមានដូចជា៖
-ការឈឺខ្នងផ្នែកខាងក្រោម ឬឈឺជើងខ្លាំង។
-ហើមជើង (ជាធម្មតាហើមតែម្ខាង)។
-បញ្ហាក្នុងការបត់ជើងតូច ឬបត់ជើងធំ (ដូចជាឈឺចាប់ ឬមានឈាម)។
-ស្រកទម្ងន់ខ្លាំង និងអស់កម្លាំងល្ហិតល្ហៃដោយគ្មានមូលហេតុ។
សូមបញ្ជាក់ថា រោគសញ្ញាខាងលើក៏អាចបណ្ដាលមកពីបញ្ហាសុខភាពផ្សេងទៀតដែរ ដូចជាការឆ្លងមេរោគជាដើម។ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយក្នុងចំណោមនេះ សូមទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យឱ្យបានច្បាស់លាស់៕