យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការញៀនមើលរឿងអាសអាភាសគឺជាឃាតករស្ងាត់ៗដែលចូលមកបំផ្លាញប្រព័ន្ធរង្វាន់ក្នុងខួរក្បាល ដោយវាជំរុញឱ្យមានការបញ្ចេញសារធាតុឌូប៉ាមីន ក្នុងកម្រិតខ្ពស់ហួសហេតុ រហូតធ្វើឱ្យខួរក្បាលស៊ាំ និងលែងមានអារម្មណ៍រីករាយជាមួយសកម្មភាពធម្មតានៃជីវិតជាក់ស្ដែង។
ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតនោះគឺ បញ្ហាអសមត្ថភាពផ្លូវភេទចំពោះបុរស ដោយសារខួរក្បាលបាត់បង់សមត្ថភាពឆ្លើយតបជាមួយដៃគូពិតប្រាកដ រួមទាំងការបាត់បង់ការផ្ដោតអារម្មណ៍លើការងារ និងការសិក្សាផងដែរ។
ក្នុងផ្នែកទំនាក់ទំនង វានាំឱ្យមានភាពរកាំរកូសក្នុងគ្រួសារ និងការបាត់បង់ភាពស្និទ្ធស្នាល ដោយសារការយល់ច្រឡំលើរូបរាងកាយ និងសកម្មភាពផ្លូវភេទដែលខុសពីការពិត។ លើសពីនេះ វាក៏ជាឫសគល់នៃជំងឺផ្លូវចិត្តដ៏គ្រោះថ្នាក់ ដូចជាជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងការបាត់បង់តម្លៃខ្លួនឯង ដែលបង្កឱ្យអ្នកញៀនមានអារម្មណ៍ស្ដាយក្រោយ ខ្មាសអៀន និងចង់រស់នៅឯកោដាច់ឆ្ងាយពីសង្គម។
ការយល់ដឹងពីផលវិបាកទាំងនេះ គឺជាពន្លឺដំបូងក្នុងការជួយឱ្យអ្នកតាំងចិត្តផ្ដាច់ទម្លាប់អាក្រក់ ដើម្បីស្រោចស្រង់សុភមង្គល និងសុខភាពខួរក្បាលឱ្យប្រសើរឡើងវិញ៕