យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការយល់ឃើញថាការញ៉ាំទឹកក្រូចឆ្មារក្នុងបរិមាណច្រើនអាចជួយដុតបំផ្លាញជាតិខ្លាញ់ និងបន្សាបជាតិពុលក្នុងរាងកាយបានយ៉ាងរហ័ស គឺជាការយល់ច្រឡំ។
ទោះបីជាក្រូចឆ្មារជាផ្លែឈើដ៏ល្អ ដែលសម្បូរទៅដោយវីតាមីន C ជាតិសរសៃ និងសារធាតុរ៉ែសំខាន់ៗជួយពង្រឹងប្រព័ន្ធភាពស៊ាំក៏ដោយ ប៉ុន្តែវាមិនមែនជា «ឱសថទិព្វ» សម្រាប់រលាយជាតិខ្លាញ់ដោយផ្ទាល់នោះទេ។ តាមពិតទៅ រាងកាយរបស់យើងមានសមត្ថភាពបញ្ចេញជាតិពុលដោយធម្មជាតិតាមរយៈថ្លើម និងតម្រងនោមរួចជាស្រេចទៅហើយ។
ការទទួលទានក្រូចឆ្មារច្រើនហួសប្រមាណអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពវិញទេ ដូចជាការសឹកស្រទាប់ធ្មេញ បង្កការរលាកដល់ដំបៅក្រពះ និងធ្វើឱ្យអ្នកមានជំងឺច្រាលទឹកអាស៊ីតកាន់តែមានសភាពធ្ងន់ធ្ងរ។ លើសពីនេះ ការតមអាហារដោយពឹងផ្អែកតែលើទឹកក្រូចឆ្មារ អាចបណ្តាលឱ្យរាងកាយខ្វះជាតិប្រូតេអ៊ីន និងជីវជាតិសំខាន់ៗ ដែលនាំឱ្យបាត់បង់សាច់ដុំ និងធ្វើឱ្យប្រព័ន្ធមេតាបូលីសដំណើរការយឺត។
ដើម្បីសម្រកទម្ងន់ដោយសុវត្ថិភាព អ្នកគួរទទួលទានក្រូចឆ្មារក្នុងកម្រិតមធ្យម និងរួមផ្សំជាមួយរបបអាហារដែលមានតុល្យភាព ព្រមទាំងការហាត់ប្រាណឱ្យបានទៀងទាត់ ទើបជាវិធីសាស្ត្រតាមបែបវិទ្យាសាស្ត្រ និងមានប្រសិទ្ធភាពយូរអង្វែង៕