យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស “រោគសញ្ញាការិយាល័យ” គឺជាឃាតករស្ងាត់ៗដែលបំផ្លាញសុខភាពបុរសវ័យក្មេងតាមរយៈទម្លាប់អង្គុយខុសបច្ចេកទេសជារៀងរាល់ថ្ងៃ។
ការអង្គុយជើងគងអន្ទាក់ខ្លាដែលមើលទៅហាក់ដូចជាទាន់សម័យ តាមពិតវាបានបង្ហាប់សរសៃឈាម និងធ្វើឱ្យឆ្អឹងខ្នងវៀចវេរ ខណៈការអង្គុយឱនចុះឡើង ឬសម្លឹងអេក្រង់ដោយដាក់ក្បាលចុះក្រោម បង្កសម្ពាធយ៉ាងធ្ងន់ធ្ងរដល់សាច់ដុំក ស្មា និងខ្នង រហូតប៉ះពាល់ដល់ការមើលឃើញ និងប្រព័ន្ធដកដង្ហើម។ បន្ថែមពីនេះ ការអង្គុយផ្អៀងខ្លួនទៅម្ខាង ឬអង្គុយដោយជើងមិនប៉ះដី ក៏ជារនាំងរាំងស្ទះដល់ចរន្តឈាម ដែលបណ្ដាលឱ្យមានអាការៈស្ពឹក និងហើមជើងដោយមិនដឹងខ្លួន។
ដើម្បីការពារខ្លួនពីជំងឺនេះ អ្នកគួររៀបចំបរិស្ថានការងារឱ្យត្រូវតាមក្បួនខ្នាតសុខភាព ដោយប្រើកៅអីប្រភេទ ដែលទ្រទ្រង់ឆ្អឹងខ្នងបានល្អ និងកែតម្រូវកម្ពស់តុកុំព្យូទ័រឱ្យនៅត្រឹមកម្រិតភ្នែក។ ទម្លាប់ដ៏សំខាន់បំផុតគឺការក្រោកឈរលាតសន្ធឹងសាច់ដុំរៀងរាល់មួយម៉ោងម្ដង និងការហាត់ប្រាណពង្រឹងសាច់ដុំជាប្រចាំ ដើម្បីជួយឱ្យចរន្តឈាមដើរស្រួល និងកាត់បន្ថយសម្ពាធសាច់ដុំ។
ការកែសម្រួលទម្លាប់តូចតាចទាំងនេះ មិនត្រឹមតែជួយសង្គ្រោះរាងកាយពីការឈឺចាប់រ៉ាំរ៉ៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនផលិតភាពការងារ និងផ្ដល់នូវអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃផងដែរ៕