យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បច្ចេកទេសដ៏សាមញ្ញមួយក្នុងការដោះស្រាយបញ្ហាគេងមិនលក់ដែលណែនាំដោយគ្រូពេទ្យឯកទេសសរសៃប្រសាទ Kyle Cox គឺការដាក់វត្ថុត្រជាក់លើថ្ងាសមុនពេលចូលគេង។
តាមការស្រាវជ្រាវបានបង្ហាញថា ការបញ្ចុះសីតុណ្ហភាពនៅតំបន់ថ្ងាសត្រឹមត្រូវ នឹងជួយឱ្យខួរក្បាលបញ្ចេញសារធាតុគីមីដែលជំរុញឱ្យដេកលក់ដោយស្វ័យប្រវត្តិ ដែលវិធីនេះមានប្រសិទ្ធភាពខ្ពស់ និងលឿនជាងការប្រើប្រាស់ថ្នាំងងុយគេង ឬជាតិមេឡាតូនីនទៅទៀត ជាពិសេសសម្រាប់អ្នកដែលចូលចិត្តគិតច្រើនមិនឈប់នៅពេលយប់។
អ្នកអាចប្រើប្រាស់កន្សែងត្រជាក់ ឬថង់ទឹកកកដែលរុំក្នុងក្រណាត់ស្តើងមកដាក់លើថ្ងាសឱ្យបាន ១៥ នាទី ដើម្បីជួយបំបាត់សំឡេងរំខានផ្លូវចិត្ត និងធ្វើឱ្យគំនិតដែលច្របូកច្របល់ស្ងប់ស្ងាត់ភ្លាមៗ ប៉ុន្តែត្រូវប្រុងប្រយ័ត្នហាមស្អំផ្ទាល់លើស្បែកដោយគ្មានក្រណាត់រុំឡើយ ដើម្បីការពារការរលាកស្បែក ឬឈឺក្បាល។
បច្ចេកទេសនេះក៏បានពន្យល់ពីមូលហេតុដែលមនុស្សភាគច្រើនគេងលក់ស្រួលក្នុងបន្ទប់ត្រជាក់ ហើយដណ្តប់ភួយក្តៅ ព្រោះវាជួយរក្សាសីតុណ្ហភាពក្បាលឱ្យទាប ខណៈរាងកាយមានភាពកក់ក្តៅ ដែលជាលក្ខខណ្ឌដ៏ល្អបំផុតសម្រាប់ការសម្រាកស្កប់ស្កល់៕