យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការកសាងសាច់ដុំតម្រូវឱ្យមានការអត់ធ្មត់ និងបច្ចេកទេសត្រឹមត្រូវ។ កំហុសដ៏ធំបំផុតដែលបុរសភាគច្រើនជួបប្រទះគឺ ការបង្ខំលើកទម្ងន់ធ្ងន់ពេកតាំងពីចាប់ផ្ដើម និង ការរំលងការកម្តៅសាច់ដុំ។
បើគ្មានការរៀបចំសាច់ដុំ និងសន្លាក់ឱ្យបាន ១០-១៥ នាទីមុនពេលហាត់ទេ ហានិភ័យនៃការដាច់សាច់ដុំ ឬរបួសសន្លាក់នឹងកើនឡើងខ្ពស់។ បន្ថែមពីនេះ ការប្រើប្រាស់បច្ចេកទេសមិនត្រឹមត្រូវ ដូចជាការឈរមិនត្រូវទម្រង់ ឬការប្រើកម្លាំងរមួលខ្លួនខុសបច្ចេកទេស គឺជាមូលហេតុចម្បងនៃរបួសឆ្អឹងខ្នង និងសន្លាក់។
ចំណុចសំខាន់មួយទៀតដែលគេតែងមើលរំលងគឺ ការមិនទុកពេលឱ្យសាច់ដុំសម្រាក។ សាច់ដុំលូតលាស់នៅពេលអ្នកសម្រាក មិនមែននៅពេលអ្នកហាត់នោះទេ ដូច្នេះអ្នកគួរទុកពេលយ៉ាងតិច ៤៨ ម៉ោងមុននឹងហាត់ក្រុមសាច់ដុំដដែលឡើងវិញ។ ការហាត់ប្រាណក៏ត្រូវការតុល្យភាពដែរ ដោយអ្នកត្រូវ ហាត់គ្រប់ក្រុមសាច់ដុំ ចៀសវាងការហាត់តែផ្នែកទ្រូង ឬដៃ ដែលនាំឱ្យរាងកាយមិនសមសួន និងបង្កសម្ពាធខ្លាំងលើផ្នែកណាមួយ។ ក្នុងកំលុងពេលហាត់ ការខ្វះជាតិទឹក នឹងធ្វើឱ្យសមត្ថភាពសាច់ដុំចុះខ្សោយ និងងាយរងរបួស។
ជាចុងក្រោយ ការលាតសន្ធឹងសាច់ដុំ បន្ទាប់ពីហាត់រួច គឺជាកិច្ចការចាំបាច់ដើម្បីកាត់បន្ថយភាពតានតឹង និងជួយឱ្យសាច់ដុំឆាប់ងើបឡើងវិញ។
ការហាត់ប្រាណដែលផ្ដោតលើសុវត្ថិភាព និងបច្ចេកទេស នឹងនាំមកនូវលទ្ធផលល្អយូរអង្វែងជាងការហាត់ដោយបង្ខំកម្លាំង៕