យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការជ្រើសរើសផ្លែឈើឱ្យបានត្រឹមត្រូវគឺជាវិធីសាស្ត្រធម្មជាតិដ៏ពូកែក្នុងការជួយថ្លើម និងតម្រងនោមឱ្យបញ្ចេញជាតិពុលកាន់តែមានប្រសិទ្ធភាព។
ផ្លែប៊្លូប៊ែរី និងទំពាំងបាយជូរក្រហមសម្បូរទៅដោយសារធាតុ Anthocyanin និង Resveratrol ដែលជួយការពារកោសិកាថ្លើមពីការរលាក និងពន្យារការចុះខ្សោយនៃមុខងារតម្រងនោមតាមវ័យ។ ចំណែកឯល្ហុង និងប៉ោមវិញ មានផ្ទុកអង់ស៊ីម និងជាតិសរសៃ Pectin ដែលដើរតួជាអ្នកចាប់យកលោហៈធ្ងន់ និងជាតិពុលចេញពីប្រព័ន្ធរំលាយអាហារ ធ្វើឱ្យថ្លើមមិនចាំបាច់ធ្វើការធ្ងន់ខ្លាំង។
សម្រាប់អ្នកដែលចង់បង្ការក្រួសក្នុងតម្រងនោម ការញ៉ាំទឹកក្រូចឆ្មារ និងឪឡឹកគឺជាជម្រើសដ៏ប្រសើរ ព្រោះវាជួយតុល្យភាពជាតិអាស៊ីត បង្កើនការបញ្ចេញទឹកនោម និងជួយចម្រោះជាតិអាម៉ូញាក់បានយ៉ាងរហ័ស។
ដោយឡែក ផ្លែទទឹមជួយសម្រួលដល់របត់ឈាម និងការពារការកកើតជាតិខ្លាញ់រុំថ្លើម ដែលជួយឱ្យសរីរាង្គទាំងពីរនេះដំណើរការបានយ៉ាងរលូន និងមានសុខភាពល្អយូរអង្វែង៕