យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការកសាងស្នេហាឱ្យមានភាពរឹងមាំ និងយូរអង្វែង មិនមែនកើតឡើងដោយចៃដន្យឡើយ តែវាជាលទ្ធផលនៃការយកចិត្តទុកដាក់ និងការកែលម្អខ្លួនឯងជាប្រចាំ។
បុរសដែលឆ្លាតវៃ តែងតែទុកពេលវេលាជាក់លាក់មួយក្នុងមួយសប្តាហ៍ ដើម្បីជជែកពិភាក្សាជាមួយដៃគូអំពីអ្វីដែលបានធ្វើល្អ និងអ្វីដែលគួរកែលម្អ ដែលជាការដោះស្រាយបញ្ហាតូចតាចមុនពេលវាវិវត្តទៅជាជម្លោះធំ។ សមត្ថភាពក្នុងការស្ដាប់ដោយយកចិត្តទុកដាក់ ដោយការដាក់ទូរស័ព្ទចុះ និងសម្លឹងភ្នែកគ្នា គឺជាអាវុធដ៏មានឥទ្ធិពលបំផុត ដែលធ្វើឱ្យមនុស្សជាទីស្រលាញ់មានអារម្មណ៍ថាត្រូវបានផ្តល់តម្លៃ និងការយល់ចិត្តពិតប្រាកដ។
លើសពីនេះ ភាពចាស់ទុំខាងអារម្មណ៍របស់បុរសត្រូវបានបង្ហាញតាមរយៈការហ៊ានទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួន ដោយមិនមានអារម្មណ៍ថាវាធ្វើឱ្យបាត់បង់តម្លៃខ្លួនឯងឡើយ។ ការរៀន និងប្រើប្រាស់ “ភាសាស្នេហា” ដែលដៃគូរបស់អ្នកចង់បាន ដូចជាការសរសើរ ការផ្តល់កាដូតូចតាច ឬការចំណាយពេលដ៏មានគុណភាពក្នុង “តំបន់គ្មានបច្ចេកវិទ្យា” (ដូចជានៅតុអាហារ ឬបន្ទប់គេង) គឺជាការវិនិយោគដ៏ធំធេងលើសុភមង្គលរួម។
ជាចុងក្រោយ ការចេះអបអរសាទររាល់ការរីកចម្រើនតូចតាច និងភាពមិនល្អឥតខ្ចោះរបស់គ្នាទៅវិញទៅមក នឹងបង្កើតបរិយាកាសកក់ក្ដៅ ដែលអនុញ្ញាតឱ្យអ្នកទាំងពីររីកចម្រើនទៅមុខជាមួយគ្នាដោយគ្មានសម្ពាធ។ ការក្លាយជាដៃគូដ៏ប្រសើរ មិនមែនមានន័យថាអ្នកជាមនុស្សល្អឥតខ្ចោះនោះទេ ប៉ុន្តែគឺជាការបង្ហាញថាអ្នកនៅតែបន្តព្យាយាមកែលម្អខ្លួនឯងដើម្បីមនុស្សដែលអ្នកស្រលាញ់៕