យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការដើរមិនមែនត្រឹមតែជាការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយនោះទេ ប៉ុន្តែវាគឺជាការហាត់ប្រាណដ៏មានប្រសិទ្ធភាពប្រសិនបើអ្នកដឹងពីបច្ចេកទេសត្រឹមត្រូវ។
ដើម្បីជំរុញការរំលាយអាហារឱ្យបានខ្លាំងក្លា អ្នកគួរ ដើរក្នុងល្បឿនឆ្លាស់គ្នា ដោយដើរឱ្យលឿនបំផុតរយៈពេល ១ នាទី រួចប្តូរមកដើរធម្មតា ២ នាទី។ ការធ្វើបែបនេះជួយឱ្យអត្រាចង្វាក់បេះដូងកើនឡើង និងដុតកាឡូរីបានច្រើនជាងការដើរក្នុងល្បឿនថេរ។ ទន្ទឹមនឹងនេះ ការគ្រវីដៃ ឱ្យបានមុំ ៩០ ដឺក្រេ មិនត្រឹមតែជួយបង្កើតសន្ទុះឱ្យដើរបានលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយហាត់សាច់ដុំស្មា និងខ្នងផងដែរ។
គន្លឹះដ៏សំខាន់សម្រាប់អ្នកចង់បានក្បាលពោះរាបស្មើ គឺត្រូវ រឹតសាច់ដុំពោះ នៅរាល់ជំហានដែលអ្នកដើរ ព្រោះវាជួយឱ្យសាច់ដុំស្នូលចូលរួមធ្វើការដោយផ្ទាល់។ បន្ថែមពីនេះ ការជ្រើសរើស បោះជំហានខ្លីៗតែញឹកញាប់ ជំនួសឱ្យការឈានវែងៗ នឹងជួយការពារសន្លាក់ជង្គង់ និងបង្កើនការដុតរំលាយអាហារឱ្យកាន់តែមានប្រសិទ្ធភាព។
ជាចុងក្រោយ ប្រសិនបើអ្នកចង់បង្កើនកម្រិតនៃការហាត់ប្រាណ ការជ្រើសរើស ផ្លូវដែលមានជម្រាល ឬការដើរឡើងចំណោត នឹងជួយពង្រឹងសាច់ដុំគូទ និងភ្លៅឱ្យកាន់តែណែនស្អាត។
ការអនុវត្តបច្ចេកទេសទាំងនេះជាប្រចាំ នឹងជួយឱ្យអ្នកទទួលបានរាងកាយមាំមួន និងក្បាលពោះរាបស្មើដោយមិនចាំបាច់ប្រើកម្លាំងបុកហាត់ខ្លាំងពេកឡើយ៕