យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស កណ្តុរមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភ្នាក់ងារចម្លងជំងឺផងដែរ។ ក្រៅពីការសម្អាតផ្ទះឱ្យស្អាត លោកអ្នកអាចប្រើ ទឹកខ្មេះពណ៌ស ជាអាវុធធម្មជាតិដ៏មានប្រសិទ្ធភាពដើម្បីបណ្ដេញពួកវាចេញ។ ដោយសារកណ្តុរមានច្រមុះវៃខ្លាំង ក្លិនអាស៊ីតខ្លាំងរបស់ទឹកខ្មេះនឹងធ្វើឱ្យពួកវាមានអារម្មណ៍មិនសុវត្ថិភាព និងបាត់បង់សមត្ថភាពក្នុងការហិតរកចំណី។ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព អ្នកគួរលាយទឹកខ្មេះជាមួយ ប្រេងក្រអូបជីរអង្កាម ដើម្បីបង្កើតជា «ជញ្ជាំងក្លិន» ដែលកណ្តុរខ្លាចបំផុត ប៉ុន្តែផ្ដល់ក្លិនស្រស់ស្រាយដល់ម្ចាស់ផ្ទះ។
របៀបអនុវត្តគឺងាយៗ ដោយគ្រាន់តែបាញ់ល្បាយនេះនៅតាមជ្រុងងងឹត ឬត្រាំដុំសំឡីដាក់នៅតាមរន្ធប្រហោងដែលកណ្តុរចូលចិត្តដើរកាត់។ ដោយសារក្លិនអាចហួតទៅតាមពេលវេលា អ្នកគួរតែបាញ់ថ្នាំ ឬប្តូរដុំសំឡីឱ្យបានទៀងទាត់ដើម្បីរក្សាប្រសិទ្ធភាព។
វិធីសាស្ត្រធម្មជាតិនេះមិនត្រឹមតែជួយបណ្ដេញកណ្តុរបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាសុវត្ថិភាពខ្ពស់ដល់សុខភាពសមាជិកគ្រួសារ ដោយមិនចាំបាច់ប្រើសារធាតុគីមីគ្រោះថ្នាក់ឡើយ៕