យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បុរសជាច្រើនតែងមានជំនឿតៗគ្នាថា ការទប់ការបញ្ចេញទឹកកាមនៅពេលជិតដល់ចំណុចកំពូល គឺជាបច្ចេកទេសដ៏ល្អដើម្បីពន្យារពេលរួមភេទឱ្យបានយូរ និងរក្សាថាមពល។ ប៉ុន្តែតាមទស្សនៈវេជ្ជសាស្ត្រ ការអនុវត្តបែបនេះគឺជា “ការដាក់ទណ្ឌកម្ម” លើរាងកាយយ៉ាងធ្ងន់ធ្ងរ ដែលអាចនាំឱ្យមានបញ្ហាសុខភាពផ្លូវភេទរយៈពេលវែង និងប៉ះពាល់ដល់ប្រព័ន្ធបន្តពូជយ៉ាងខ្លាំង។
នៅពេលរាងកាយឈានដល់ចំណុចកំពូល ប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីបញ្ចេញទឹកកាម។ ប្រសិនបើអ្នកព្យាយាមទប់វា ទឹកកាមដែលផលិតរួចមិនបានរលាយបាត់ទៅវិញទេ តែវាអាចនឹងហូរត្រឡប់ចូលទៅក្នុងប្លោកនោមវិញ ឬកកស្ទះនៅក្នុងបំពង់ទឹកកាម។ ផលវិបាកដំបូងគេគឺ ជំងឺរលាកក្រពេញប្រូស្តាត។ នៅពេលលិង្គឡើងរឹង ឈាមនឹងកកកុញនៅតំបន់នោះ ប្រសិនបើមិនមានការបញ្ចេញមកវិញតាមធម្មជាតិ វានឹងធ្វើឱ្យក្រពេញប្រូស្តាតហើម និងងាយឆ្លងមេរោគ។
លើសពីនេះ ការរំខានដល់យន្តការធម្មជាតិនៃប្រព័ន្ធសរសៃប្រសាទជាញឹកញាប់ អាចបណ្តាលឱ្យមាន បញ្ហាងាប់លិង្គ នាពេលអនាគត ដោយសារប្រព័ន្ធបញ្ជាខួរក្បាលមានភាពភាន់ច្រឡំ និងអស់កម្លាំង។ វាក៏ប៉ះពាល់ដល់ គុណភាពមេជីវិតឈ្មោល ផងដែរ ព្រោះការរក្សាទុកមេជីវិតឈ្មោលក្នុងកម្ដៅរាងកាយយូរពេក ធ្វើឱ្យវាកាន់តែខ្សោយ និងពិបាកក្នុងការបង្កកំណើត។
សញ្ញាព្រមានដែលអ្នកគួរប្រុងប្រយ័ត្នគឺ ការឈឺចាប់នៅតំបន់ពោះក្រោមក្រោយរួមភេទ ការនោមញឹកញាប់ ឬមានឈាមក្នុងទឹកកាម។ ដើម្បីរក្សាសុខភាពផ្លូវភេទឱ្យមាំមួន អ្នកគួរទុកឱ្យដំណើរការនៃការរួមរ័កប្រព្រឹត្តទៅតាមលក្ខណៈធម្មជាតិ និងជៀសវាងការបង្ខំរាងកាយដែលហួសពីសមត្ថភាព៕