យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បានបង្ហាញថា ការឈឺខ្នងមិនមែនសុទ្ធតែបណ្ដាលមកពីការលើកធ្ងន់ ឬអង្គុយខុសឥរិយាបថនោះឡើយ។ ក្នុងករណីខ្លះ វាក៏ជាសញ្ញាអាសន្នដែលរាងកាយបញ្ជូនមកដើម្បីប្រាប់ពីបញ្ហាសរីរាង្គខាងក្នុងដ៏សំខាន់។
ជាធម្មតា ការឈឺខ្នងដែលទាក់ទងនឹងសាច់ដុំ ឬឆ្អឹង ច្រើនតែកើតឡើងនៅផ្នែកចង្កេះ ឬត្រគាក ហើយវានឹងធូរស្រាលនៅពេលយើងផ្លាស់ប្តូរឥរិយាបថ ឬធ្វើចលនាពត់ខ្លួន។ ប៉ុន្តែ បើអាការៈឈឺចាប់មានលក្ខណៈខុសប្លែកពីនេះ វាអាចជាសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរដែលអ្នកមិនគួរមើលរំលង។
ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់ ឬមានសម្ពាធសង្កត់នៅខ្នងផ្នែកខាងលើ អមដោយអាការៈណែនទ្រូង ថប់ដង្ហើម ឬវិលមុខ នេះអាចជាសញ្ញានៃជំងឺគាំងបេះដូង ដែលជារឿយៗកើតមានចំពោះស្ត្រីច្រើនជាងបុរស។ ដោយឡែក ការឈឺចាប់ដែលកើតឡើងនៅចន្លោះឆ្អឹងជំនីរផ្នែកខាងក្រោម និងឆ្អឹងត្រគាក (ត្រង់ចំណុចចង្កេះចំហៀង) អាចជាសញ្ញានៃបញ្ហាតម្រងនោម ដូចជាគ្រួសក្នុងតម្រងនោម ឬការឆ្លងមេរោគជាដើម។ សញ្ញាសម្គាល់ច្បាស់បំផុតនៃបញ្ហាតម្រងនោម គឺការឈឺចាប់នេះច្រើនតែរាលដាលដល់ពោះផ្នែកខាងក្រោម និងអមដោយការប្រែប្រួលនៃទឹកនោម ដូចជាការឈឺចាប់ពេលបត់ជើងតូច ឬទឹកនោមមានពណ៌និងក្លិនខុសប្រក្រតី។
ការយល់ដឹងពីភាពខុសគ្នានៃរោគសញ្ញាទាំងនេះ នឹងជួយឱ្យអ្នកអាចស្វែងរកជំនួយវេជ្ជសាស្ត្របានទាន់ពេលវេលា និងជៀសវាងគ្រោះថ្នាក់ដល់ជីវិត៕