យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ជម្លោះក្នុងទំនាក់ទំនងជារឿងធម្មតា ប៉ុន្តែប្រសិនបើវាវាកើតឡើងញឹកញាប់ពេក វានឹងក្លាយជាជាតិពុលដែលបំផ្លាញក្តីសុខបន្តិចម្តងៗ។ ការកសាងសុភមង្គលមិនមែនជាការរកមើលថា “នរណាខុស នរណាត្រូវ” នោះទេ ប៉ុន្តែវាគឺជាការកែសម្រួលអាកប្បកិរិយាផ្ទាល់ខ្លួនដើម្បីយល់ចិត្តគ្នាទៅវិញទៅមក។
ចំណុចដំបូងដែលបុរសគួរផ្លាស់ប្តូរគឺ ឈប់ប្រើភាពស្ងប់ស្ងាត់ដើម្បីដោះស្រាយបញ្ហា។ ការមិនអើពើ ឬដើរចេញពេលមានរឿង ធ្វើឱ្យមិត្តស្រីមានអារម្មណ៍ឯកោ និងត្រូវបានដាក់ទណ្ឌកម្ម។ បើអ្នកមិនទាន់ចង់និយាយ សូមប្រាប់នាងដោយត្រង់ថា “ខ្ញុំសុំពេលសម្រាកបន្តិច រួចចាំយើងនិយាយគ្នា”។ បន្ទាប់មកគឺ ការស្តាប់ដោយយល់ចិត្ត។ បុរសច្រើនតែប្រញាប់ផ្តល់ដំណោះស្រាយភ្លាមៗ ពេលឃើញមិត្តស្រីត្អូញត្អែរ ប៉ុន្តែការពិតនាងគ្រាន់តែចង់ឱ្យអ្នក “ស្តាប់ និងយល់ពីអារម្មណ៍” នាងតែប៉ុណ្ណោះ។ សំណួរសាមញ្ញមួយដូចជា “តើអូនចង់ឱ្យបងជួយដោះស្រាយ ឬគ្រាន់តែចង់ឱ្យបងស្តាប់?” នឹងធ្វើឱ្យនាងមានអារម្មណ៍ថាត្រូវបានកក់ក្តៅ។
ក្រៅពីសម្តី សកម្មភាពប្រចាំថ្ងៃក៏សំខាន់ដែរ។ អ្នកគួរ ឈប់ផ្ទេរការទទួលខុសត្រូវ គ្រប់យ៉ាងទៅឱ្យនាង ហើយចាប់ផ្តើមជួយរៀបចំកិច្ចការផ្ទះ ឬផែនការផ្សេងៗដោយខ្លួនឯង។ ក្នុងពេលជាមួយគ្នា ការងប់ងល់នឹងទូរស័ព្ទ ពេលនៅក្បែរគ្នា គឺជាសញ្ញានៃការមិនគោរព ដែលនាំឱ្យមានការអាក់អន់ចិត្ត។ អ្វីដែលសំខាន់បំផុតគឺ ឈប់ប្រៀបធៀប ស្នេហារបស់អ្នកទៅនឹងគូស្នេហ៍ដទៃលើបណ្តាញសង្គម ព្រោះអ្វីដែលអ្នកឃើញគ្រាន់តែជាជ្រុងដ៏ល្អឥតខ្ចោះមួយប៉ុណ្ណោះ។
ចុងក្រោយ ឈប់សន្មតថានាងដឹងអ្វីគ្រប់យ៉ាង ដោយមិនចាំបាច់ប្រាប់។ ការទំនាក់ទំនងឱ្យបានច្បាស់លាស់ និងការបង្ហាញពីក្តីស្រឡាញ់តាមរយៈសកម្មភាពតូចតាច គឺជាអាថ៌កំបាំងដែលធ្វើឱ្យស្នេហារបស់អ្នករឹងមាំ និងមានសន្តិភាពយូរអង្វែង៕