យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការថែរក្សាប្រព័ន្ធបង្ហូរទឹកក្នុងផ្ទះឱ្យមានដំណើរការល្អ មិនត្រឹមតែជួយសន្សំសំចៃថវិកាលើការជួសជុលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកការពារបរិស្ថាន និងប្រភពទឹកផឹករបស់យើងផងដែរ។ មនុស្សជាច្រើនតែងតែយល់ច្រឡំថា លូគឺជាកន្លែងដែលអាចកម្ចាត់កាកសំណល់រាវគ្រប់ប្រភេទ ប៉ុន្តែការពិតមានរបស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួនដែលអាចបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរ។
របស់របរដំបូងគេដែលត្រូវហាមដាច់ខាតគឺ ថ្នាំលាប សារធាតុរាវរថយន្ត និងសារធាតុងាយឆេះ។ ថ្នាំលាប និងប្រេងម៉ាស៊ីនមានផ្ទុកលោហធាតុធ្ងន់ដូចជា សំណ និងកាដមីញ៉ូម ដែលរោងចក្រប្រព្រឹត្តកម្មទឹកមិនអាចចម្រោះចេញបានឡើយ ដែលនាំឱ្យបំពុលប្រភពទឹកផឹក និងសម្លាប់ជីវិតក្នុងទឹក។ រីឯសារធាតុងាយឆេះដូចជា ទឹកលាងក្រចក ឬប្រេងកាត អាចបង្កជាការផ្ទុះ ឬឆេះនៅក្នុងប្រព័ន្ធបំពង់លូ ប្រសិនបើវាមានប្រតិកម្មជាមួយសារធាតុគីមីផ្សេងទៀត។ ទន្ទឹមនឹងនេះ ថ្នាំពេទ្យ និងផលិតផលសម្អាត ដែលមានជាតិគីមីខ្លាំង ក៏ជាសត្រូវនៃប្រព័ន្ធអេកូឡូស៊ីទឹកផងដែរ ព្រោះវាអាចបំផ្លាញអតិសុខុមប្រាណដែលមានប្រយោជន៍ និងបង្កហានិភ័យដល់សុខភាពមនុស្សតាមរយៈការប្រើប្រាស់ទឹកដែលមានមេរោគ។
បញ្ហាដែលជួបប្រទះញឹកញាប់បំផុតនៅក្នុងផ្ទះគឺ ការស្ទះបំពង់ដែលបណ្តាលមកពី ខ្លាញ់ ឬប្រេងចម្អិនអាហារ។ នៅពេលអ្នកចាក់ខ្លាញ់ដែលនៅសល់ចូលក្នុងលូ វានឹងប្រែជាត្រជាក់ ហើយកកជារបាំងរឹងនៅក្នុងបំពង់ ដែលជាមូលហេតុចម្បងធ្វើឱ្យទឹកហូរមិនរួច ឬហូរបញ្ច្រាសមកវិញ បង្កជាបញ្ហាអនាម័យយ៉ាងធ្ងន់ធ្ងរ។ ដើម្បីជៀសវាងបញ្ហាទាំងនេះ អ្នកគួរទុកដាក់កាកសំណល់ទាំងនេះក្នុងធុងដាច់ដោយឡែក ឬយកទៅកន្លែងកែច្នៃកាកសំណល់ដែលត្រឹមត្រូវ។
ការយកចិត្តទុកដាក់បន្តិចបន្តួចលើការបោះចោលកាកសំណល់ នឹងជួយរក្សាគុណភាពទឹក និងសុខុមាលភាពសម្រាប់គ្រួសារអ្នក និងសង្គមជាតិទាំងមូល៕