យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាក្រពះរបស់អ្នកនៅតែរអ៊ូរទាំទាមទារអាហារ បើទោះបីជាអ្នកទើបតែញ៉ាំអាហាររួចក៏ដោយ? ការមានអារម្មណ៍ឃ្លានជាប់រហូតមិនមែនជារឿងធម្មតានោះទេ វាកើតចេញពីយន្តការទំនាក់ទំនងរវាងរាងកាយ និងខួរក្បាល ដែលអាចទាក់ទងនឹងកត្តាអាហារូបត្ថម្ភ អរម៉ូន ឬទម្លាប់រស់នៅរបស់អ្នក។
មូលហេតុដំបូងគឺ គុណភាពនៃអាហារ។ ប្រសិនបើអាហាររបស់អ្នកផ្តោតតែលើជាតិស្ករ ឬកាបូអ៊ីដ្រាតចម្រាញ់ (ដូចជាបាយស ឬនំប៉័ង) ជាតិស្ករក្នុងឈាមនឹងឡើងខ្ពស់ ហើយធ្លាក់ចុះមកវិញយ៉ាងលឿន ដែលធ្វើឱ្យអ្នកឃ្លានភ្លាមៗ។ ដើម្បីឆ្អែតបានយូរ រាងកាយត្រូវការប្រូតេអ៊ីន ខ្លាញ់ល្អ និងជាតិសរសៃដើម្បីពន្យឺតការរំលាយអាហារ។ បន្ថែមពីនេះ បរិមាណអាហារ ក៏សំខាន់ដែរ។ ក្នុងក្រពះមាន “ឧបករណ៍ទទួលអារម្មណ៍លាតសន្ធឹង” ដែលនឹងផ្ញើសញ្ញាទៅខួរក្បាលថា “ឆ្អែតហើយ” នៅពេលវាត្រូវបានពង្រីក។ ប្រសិនបើអ្នកញ៉ាំអាហារដែលមានទំហំតូចពេក ឧបករណ៍នេះនឹងមិនដំណើរការឡើយ។ ដំណោះស្រាយគឺបន្ថែមបន្លែដែលមានជាតិសរសៃ និងទឹកច្រើន ដើម្បីជួយឱ្យក្រពះរីកធំ និងមានអារម្មណ៍ឆ្អែត។
ក្រៅពីកត្តាអាហារ អតុល្យភាពអ័រម៉ូន ក៏ជាអ្នកបង្កបញ្ហាដែរ។ អ័រម៉ូន Ghrelin (បង្កការឃ្លាន) និង Leptin (បង្កការឆ្អែត) អាចនឹងដើរខុសចង្វាក់ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ ឬមានភាពតានតឹងខ្លាំង។ ជាងនេះទៅទៀត ប្រសិនបើអ្នកជាមនុស្ស សកម្មខ្លាំង (ហាត់ប្រាណ ឬធ្វើការងារធ្ងន់) រាងកាយនឹងត្រូវការថាមពលច្រើនជាងមុនដើម្បីបំពេញកាឡូរីដែលដុតបំផ្លាញចោល។
ចុងក្រោយគឺ ទម្លាប់នៃការញ៉ាំ។ ការញ៉ាំលឿនពេក ឬញ៉ាំបណ្តើរមើលទូរស័ព្ទបណ្តើរ ធ្វើឱ្យខួរក្បាលមិនទាន់ទទួលសញ្ញាឆ្អែតទាន់ពេលវេលា។ ការកែលម្អទម្លាប់ងាកមកញ៉ាំយឺតៗ និងផ្ដោតលើអាហារ នឹងជួយឱ្យអ្នកគ្រប់គ្រងភាពស្រេកឃ្លានបានយ៉ាងមានប្រសិទ្ធភាព៕