យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ក្នុងយុគសម័យបច្ចុប្បន្ន មនុស្សជាច្រើនតែងតែជ្រើសរើសប្រើប្រាស់វីតាមីនចម្រុះ ឬអាហារបំប៉នដើម្បីបំពេញតម្រូវការរាងកាយ។ ប៉ុន្តែតាមពិតទៅ ធម្មជាតិបានផ្តល់នូវប្រភពអាហារូបត្ថម្ភដ៏អស្ចារ្យ ដែលមិនត្រឹមតែសម្បូរសារធាតុចិញ្ចឹមជាងថ្នាំគ្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយស្រូបយកបានល្អ និងមានសុវត្ថិភាពខ្ពស់ទៀតផង។
អាហារដំបូងគេដែលប្រៀបដូចជាគ្រាប់វីតាមីនធម្មជាតិគឺ ស៊ុតមាន់។ ស៊ុតមួយគ្រាប់សម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ វីតាមីន B12 វីតាមីន D និង “កូលីន” ដែលជួយចិញ្ចឹមខួរក្បាល និងថ្លើមយ៉ាងពូកែ។ បន្ទាប់មកគឺ បន្លែស្លឹកបៃតងចាស់ (ដូចជាស្ពៃខ្មៅ ឬប្រូខូលី) ដែលជាប្រភពនៃវីតាមីន K1 ជាតិដែក និងហ្វូឡាតដែលចាំបាច់បំផុតសម្រាប់ស្ត្រីក្នុងវ័យបន្តពូជ។ ចំពោះសុខភាពបេះដូង និងខួរក្បាល ត្រីសមុទ្រដែលមានខ្លាញ់ ដូចជាត្រីសាលម៉ុន គឺជាជម្រើសដ៏ល្អបំផុតដោយសារវាសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន B12។
ក្រៅពីសាច់ និងបន្លែ ការបន្ថែម សណ្តែក និងគ្រាប់ធញ្ញជាតិ នឹងផ្តល់ឱ្យអ្នកនូវម៉ាញ៉េស្យូមដើម្បីកាត់បន្ថយស្ត្រេស និងវីតាមីន E ដើម្បីការពារកោសិកា។ សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ និងឆ្អឹង ទឹកដោះគោជូរធម្មជាតិ ដែលសម្បូរទៅដោយ “ប្រូបាយអូទិក” និងកាល់ស្យូម គឺជាជំនួយការដ៏សកម្មបំផុត។ បន្ថែមពីនេះ ផ្លែបឺរ ផ្តល់នូវខ្លាញ់ល្អសម្រាប់ស្បែក និងបេះដូង រីឯ សារ៉ាយសមុទ្រ គឺជាប្រភពនៃអ៊ីយ៉ូតដែលមិនអាចខ្វះបានសម្រាប់មុខងារក្រពេញទីរ៉ូអ៊ីតក្នុងការគ្រប់គ្រងអរម៉ូន។
ការបញ្ចូលអាហារទាំង ៧ មុខនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ នឹងជួយឱ្យសុភាពនារីមានសុខភាពល្អមាំមួន ស្បែកភ្លឺថ្លា និងមានថាមពល ដោយមិនចាំបាច់ចំណាយថវិកាលើវីតាមីនគ្រាប់នោះឡើយ៕