យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការបញ្ចេញខ្យល់ ឬ “ផោម” ជារឿងដែលមនុស្សជាច្រើនមានអារម្មណ៍អៀនខ្មាស ប៉ុន្តែតាមពិតទៅ វាគឺជាយន្តការធម្មជាតិដ៏សំខាន់របស់រាងកាយក្នុងការបញ្ចេញឧស្ម័នដែលនៅសេសសល់ក្នុងប្រព័ន្ធរំលាយអាហារ។ លក្ខណៈនៃខ្យល់ដែលអ្នកបញ្ចេញមក មិនថាជាក្លិន ឬភាពញឹកញាប់នោះទេ សុទ្ធតែជា “កញ្ចក់” ឆ្លុះបញ្ចាំងពីសុខភាពពោះវៀនរបស់អ្នកយ៉ាងច្បាស់លាស់។
តើការបញ្ចេញខ្យល់បែបណាដែលចាត់ទុកថា “ធម្មតា”? តាមបច្ចេកទេសវេជ្ជសាស្ត្រ មនុស្សដែលមានសុខភាពល្អជាទូទៅបញ្ចេញខ្យល់ចន្លោះពី ១០ ទៅ ២០ ដងក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកស្ថិតក្នុងចន្លោះនេះ វាបញ្ជាក់ថាពោះវៀនរបស់អ្នកកំពុងដំណើរការបានល្អ។ ប៉ុន្តែប្រសិនបើអ្នកបញ្ចេញខ្យល់ ច្រើនជាង ២០ ដង វាអាចបណ្តាលមកពីទម្លាប់ញ៉ាំលឿនពេក ការលេបខ្យល់ចូលតាមមាត់ច្រើន (ពេលទំពារស្ករកៅស៊ូ ឬជក់បារី) ឬការញ៉ាំអាហារដែលបង្កឱ្យមានឧស្ម័នច្រើន។
អ្វីដែលគួរឱ្យបារម្ភ និងគ្រោះថ្នាក់បំផុតនោះគឺ “ការមិនបញ្ចេញខ្យល់ទាល់តែសោះ” (តិចជាង ១០ ដងក្នុងមួយថ្ងៃ)។ ការស្ទះខ្យល់មិនឱ្យចេញក្រៅ អាចជាសញ្ញានៃការស្ទះពោះវៀន ឬមុខងារកន្ត្រាក់នៃពោះវៀនមានភាពខុសប្រក្រតី។ ប្រសិនបើវាអមមកជាមួយអាការៈឈឺពោះ ហើមពោះខ្លាំង ឬចង្អោរ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។ ចំពោះក្លិនវិញ ប្រសិនបើមានក្លិនស្អុយខ្លាំងខុសធម្មតា វាអាចមកពីរបបអាហារសម្បូរប្រូតេអ៊ីន ឬការរលាកបាក់តេរីក្នុងពោះវៀន។ ដូច្នេះ ឈប់មានអារម្មណ៍ខ្មាសអៀនចំពោះការបញ្ចេញខ្យល់ ប៉ុន្តែត្រូវងាកមកសង្កេតវា ដើម្បីដឹងពីស្ថានភាពសុខភាពខាងក្នុងរបស់អ្នកវិញ៕