យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ផ្លែស្រកានាគ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានគេទទួលស្គាល់ថាជា “អាហារដ៏មានថាមពល” ដោយសារវាសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ និងមានជាតិស្ករទាប។ មិនថាអ្នកទទួលទានសាច់ពណ៌ស ឬពណ៌ក្រហមនោះទេ ផ្លែឈើនេះផ្តល់នូវគុណសម្បត្តិយ៉ាងច្រើនចំពោះរាងកាយ។
បើតាមការសិក្សាផ្នែកអាហារូបត្ថម្ភ ផ្លែស្រកានាគគឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលជួយការពារកោសិកាពីការបំផ្លាញ និងពន្យឺតភាពចាស់។ ចំពោះសុខភាពបេះដូង គ្រាប់តូចៗពណ៌ខ្មៅរបស់វាផ្តល់នូវអាស៊ីតខ្លាញ់អូមេហ្គា ៣ និង ៦ រួមជាមួយវីតាមីន B3 ដែលជួយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ និងការពារការស្ទះសរសៃឈាម។ លើសពីនេះ សម្រាប់អ្នកដែលមានបញ្ហា “ថ្លើមខ្លាញ់” ឬស៊ាំនឹងអាំងស៊ុយលីន ការទទួលទានស្រកានាគជាប្រចាំនឹងជួយសម្រួលដល់មុខងារថ្លើម និងគ្រប់គ្រងកម្រិតជាតិស្ករឱ្យមានស្ថិរភាព។
ក្រៅពីជំនួយសរីរាង្គខាងក្នុង ផ្លែស្រកានាគក៏ជាជំនួយការដ៏ល្អសម្រាប់អ្នកដែលចង់សម្រកទម្ងន់ផងដែរ។ ដោយសារវាសម្បូរទៅដោយជាតិសរសៃវាជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ បង្ការការទល់លាមក និងជួយបន្សាបជាតិពុលពីក្នុងពោះវៀន។ វីតាមីន A និង C ដែលមានក្នុងផ្លែឈើនេះ ក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ ប្រឆាំងនឹងវីរុស និងធ្វើឱ្យស្បែករបស់អ្នកភ្លឺថ្លា ក្មេងជាងវ័យ។ ជាពិសេស សម្រាប់អ្នកជំងឺទឹកនោមផ្អែម ការជ្រើសរើស “ស្រកានាគសាច់ស” គឺជាជម្រើសដ៏វៃឆ្លាតបំផុត ព្រោះវាមានកម្រិតជាតិស្ករទាបជាងសាច់ក្រហម៕