យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស នៅពេលអាកាសធាតុត្រជាក់មកដល់ ការទាញយករបស់ចាស់ៗដែលទុកក្នុងទូយូរមកប្រើប្រាស់វិញដោយមិនបានសម្អាត អាចបង្កគ្រោះថ្នាក់ដល់សុខភាពតាមរយៈមេរោគ និងបាក់តេរីដែលលាក់ខ្លួន។
ខាងក្រោមនេះជារបស់ ៥ យ៉ាងដែលអ្នកត្រូវយកចិត្តទុកដាក់៖
១. ភួយក្រាស់ៗ៖ ជាកន្លែងសន្សំសំណើម និងដុះផ្សិតដែលមើលមិនឃើញ។ អ្នកគួរយកវាទៅហាលថ្ងៃឱ្យបាន ៤-៦ ម៉ោង និងអង្រួនធូលីចេញឱ្យអស់មុននឹងយកមកដណ្តប់។
២. អាវរងាដែលចូលចិត្ត៖ មនុស្សភាគច្រើនចូលចិត្តពាក់អាវរងាដដែលៗព្រោះគិតថាគ្មានញើស ប៉ុន្តែតាមពិតវាជាប្រភពកោសិកាស្បែកងាប់ និងបាក់តេរីដែលបង្កឱ្យមាន “មុនខ្នង” ឬ “រលាកស្បែក”។
៣. ក្បាលផ្កាឈូកនៃម៉ាស៊ីនទឹកក្ដៅ៖ ប្រសិនបើមិនបានប្រើប្រាស់យូរ វាអាចកកកុញដោយកំបោរ និងមេរោគ។ អ្នកគួរដកវាមកត្រាំទឹកខ្មេះ ឬបើកទឹកក្ដៅឱ្យហូរចោល ១-២ នាទីមុននឹងងូត។
៤. ស្រោមជើង៖ ស្រោមជើងចាស់ៗដែលទុកក្នុងថតអាចមានជាតិសំណើម និងមេរោគផ្សិត។ ការពាក់ស្រោមជើងដដែលៗ ឬមិនស្ងួតល្អ អាចបណ្តាលឱ្យឆ្លងមេរោគផ្សិតនៅជើង។
៥. កម្រាលព្រំ៖ ជា “អន្ទាក់ធូលី” ដ៏ធំដែលសន្សំសត្វល្អិតតូចៗ និងមេរោគពីសត្វចិញ្ចឹម។ អ្នកគួរបូមធូលីជារៀងរាល់ថ្ងៃ និងយកទៅហាលថ្ងៃឱ្យបានញឹកញាប់៕