យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព បានបង្ហាញថា ការបង្អត់អាហារពេលព្រឹកមិនមែនជាផ្លូវកាត់ទៅរកការសម្រកទម្ងន់ដែលមានសុខភាពល្អនោះទេ ប៉ុន្តែវាគឺជា «ការដាក់ទណ្ឌកម្មលើរាងកាយ» ទៅវិញ។ នៅពេលអ្នករំលងអាហារដំបូងនៃថ្ងៃ កម្រិតជាតិស្ករក្នុងឈាមនឹងធ្លាក់ចុះទាបខុសប្រក្រតី ដែលជាដើមហេតុបង្កឱ្យមានអាការៈវិលមុខ អស់កម្លាំង និងបាត់បង់ការផ្ដោតអារម្មណ៍។
ស្ថានភាពនេះមិនត្រឹមតែធ្វើឱ្យអ្នកបាត់បង់ថាមពលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ប្រព័ន្ធអរម៉ូន ដែលធ្វើឱ្យអ្នកកាន់តែឃ្លានខ្លាំងនៅពេលបន្ទាប់ រហូតញ៉ាំលើសកម្រិតដោយមិនដឹងខ្លួន។ ជាលទ្ធផល ប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់អ្នកនឹងធ្លាក់ចុះយ៉ាងខ្លាំង ហើយគោលដៅសម្រកទម្ងន់ក៏មិនទទួលបានជោគជ័យដែរ។
ចងចាំថា៖ ភាពជោគជ័យពេញមួយថ្ងៃ និងរាងកាយដែលមាំមួន ចាប់ផ្ដើមចេញពីថាមពលនៃអាហារពេលព្រឹកដ៏ត្រឹមត្រូវ និងមានតុល្យភាព៕