យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព ការដុះក្បាលពោះមិនត្រឹមតែប៉ះពាល់ដល់សោភណភាពប៉ុណ្ណោះទេ ប៉ុន្តែខ្លាញ់ក្នុងពោះ ដែលនៅជុំវិញសរីរាង្គខាងក្នុងដូចជា ថ្លើម និងពោះវៀន គឺជាប្រភពនៃជំងឺគ្រោះថ្នាក់ជាច្រើន រួមមានជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង និងមហារីក។ មូលហេតុចម្បងដែលធ្វើឱ្យកកកុញខ្លាញ់ទាំងនេះ គឺកើតចេញពីទម្លាប់រស់នៅមិនល្អប្រចាំថ្ងៃដែលយើងច្រើនតែមើលរំលង។
ទម្លាប់អាក្រក់ដំបូងគេគឺ របបអាហារមិនល្អ ជាពិសេសការញ៉ាំអាហារកែច្នៃ ស្ករ និងអាហាររហ័សដែលមានកាឡូរីខ្ពស់តែខ្វះជីវជាតិ។ ការញ៉ាំអាហារច្រើននៅពេលយប់ក៏ជាចំណុចសម្លាប់សុខភាពដែរ ព្រោះការរំលាយអាហារនឹងថយចុះនៅពេលយើងគេង ធ្វើឱ្យថាមពលលើសទាំងនោះប្រែទៅជាខ្លាញ់ស្តុកទុកភ្លាមៗ។ បូករួមជាមួយ របៀបរស់នៅមិនសូវសកម្ម ដូចជាការអង្គុយធ្វើការយូរពេកដោយមិនបានហាត់ប្រាណ វារឹតតែធ្វើឱ្យអត្រាមេតាបូលីសចុះខ្សោយ និងដុតបំផ្លាញកាឡូរីបានតិចតួចបំផុត។
កត្តាផ្លូវចិត្ត និងការសម្រាកក៏សំខាន់មិនចាញ់គ្នាដែរ។ ភាពតានតឹងរ៉ាំរ៉ៃ បង្កើនអ័រម៉ូន Cortisol ដែលជំរុញឱ្យយើងឃ្លានខុសធម្មតា និងបង្កើនការស្តុកខ្លាញ់នៅតំបន់ពោះ។ រីឯ ការគេងមិនគ្រប់គ្រាន់ ធ្វើឱ្យប៉ះពាល់ដល់អ័រម៉ូនគ្រប់គ្រងការឃ្លានដែលនាំឱ្យយើងញ៉ាំច្រើនលើសកម្រិតនៅថ្ងៃបន្ទាប់។
ចុងក្រោយគឺ ការសេពគ្រឿងស្រវឹង ដែលផ្ដល់នូវ “កាឡូរីទទេ” និងធ្វើឱ្យការរំលាយអាហារថយចុះ រហូតបង្កឱ្យមានស្ថានភាពដែលគេនិយមហៅថា “ពោះស្រាបៀរ”។
ការកែប្រែទម្លាប់ទាំងនេះ គឺជាគន្លឹះតែមួយគត់ដើម្បីកាត់បន្ថយខ្លាញ់ក្បាលពោះ និងការពារសុខភាពរាងកាយទាំងមូល៕