ការគេងមិនគ្រប់គ្រាន់ មិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍ងងុយគេង ឬអស់កម្លាំងនៅថ្ងៃបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែវាបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ប្រព័ន្ធរាងកាយទាំងមូល ។
ខាងក្រោមនេះ គឺជាផលប៉ះពាល់សំខាន់ៗនៃការគេងមិនគ្រប់គ្រាន់ ៖
១. ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងខួរក្បាល
–ការចងចាំចុះខ្សោយ ៖ ខួរក្បាលប្រើប្រាស់ពេលវេលាគេង ដើម្បីរៀបចំ និងរក្សាទុកព័ត៌មាន ។ បើមិនបានគេងគ្រប់គ្រាន់ អ្នកនឹងឆាប់ភ្លេចភ្លាំង ។
–ខ្វះការផ្ដោតអារម្មណ៍៖ ធ្វើឱ្យសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងការសម្រេចចិត្តធ្លាក់ចុះ។
–ផ្លូវចិត្តមិនស្ថិតស្ថេរ៖ ងាយនឹងមានអារម្មណ៍មួម៉ៅ ឆាប់ខឹង ស្រ្តេស ហើយបើអូសបន្លាយយូរអាចឈានដល់ជំងឺបាក់ទឹកចិត្ត (Depression) ឬភ័យព្រួយហួសហេតុ (Anxiety)។
២. ប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ
-នៅពេលយើងគេង រាងកាយបញ្ចេញសារធាតុ Cytokines ដែលជួយប្រយុទ្ធប្រឆាំងនឹងមេរោគ និងការរលាក។ ការខ្វះការគេង ធ្វើឱ្យប្រព័ន្ធការពារចុះខ្សោយ ងាយឆ្លងជំងឺផ្តាសាយ ឬជំងឺផ្សេងៗ និងធ្វើឱ្យរបួសយូរជាសះស្បើយ។
៣. ប៉ះពាល់ដល់សុខភាពបេះដូង និងសរសៃឈាម
-ការគេងមិនគ្រប់គ្រាន់ បង្កើនហានិភ័យនៃជំងឺលើសឈាម ជំងឺបេះដូង និងការដាច់សរសៃឈាមខួរក្បាល។ វាប៉ះពាល់ដល់សមត្ថភាពរាងកាយក្នុងការគ្រប់គ្រងជាតិស្ករ និងសម្ពាធឈាម។
៤. ការកើនឡើងទម្ងន់ និងជំងឺទឹកនោមផ្អែម
–បង្កើនភាពឃ្លាន ៖ ការអត់ងងុយធ្វើឱ្យអរម៉ូនឃ្លាន (Ghrelin) កើនឡើង និងអរម៉ូនឆ្អែត (Leptin) ថយចុះ ដែលធ្វើឱ្យអ្នកចង់ញ៉ាំអាហារមានជាតិស្ករ និងខ្លាញ់ច្រើន។
–អាំងស៊ុយលីន៖ ប៉ះពាល់ដល់ការបញ្ចេញអាំងស៊ុយលីន ដែលអាចបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២។
៥. ប៉ះពាល់ដល់សម្រស់ និងស្បែក
-នៅពេលអត់គេង រាងកាយបញ្ចេញអរម៉ូនស្រ្តេស (Cortisol) ច្រើន ដែលវាទៅបំបែកជាតិ Collagen ក្នុងស្បែក ធ្វើឱ្យស្បែកឆាប់ជ្រួញ ស្រអាប់ និងដក់ខ្មៅក្រោមភ្នែក។
៦. គ្រោះថ្នាក់ជាយថាហេតុ
-ការងងុយគេងពេលបើកបរ ឬបញ្ជាម៉ាស៊ីន មានគ្រោះថ្នាក់ស្មើនឹងការបើកបរក្នុងស្ថានភាពស្រវឹង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។