យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាពបុរស បានបង្ហាញថាបញ្ហានៃការឡើងរឹងរបស់លិង្គ និងសុខភាពផ្លូវទឹកនោមរបស់បុរសមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត ដែលជារឿយៗវាត្រូវបានបង្ហាញតាមរយៈសញ្ញាព្រមានសំខាន់ៗចំនួន ៣។
ដំបូងឡើយ ការជួបប្រទះនូវការពិបាកបត់ជើងតូច នោមហូរតិចៗ ឬនោមទាស់អាចជាសញ្ញានៃការរីកក្រពេញប្រូស្តាត ឬការរលាក ដែលរារាំងលំហូរឈាម និងប្រព័ន្ធសរសៃប្រសាទមិនឱ្យទៅផ្គត់ផ្គង់ដល់លិង្គបានគ្រប់គ្រាន់ រហូតបង្កឱ្យមានបញ្ហាងាប់លិង្គ។
បន្ថែមពីនេះ ការដែលត្រូវភ្ញាក់ពីដំណេកញឹកញាប់ដើម្បីទៅបន្ទប់ទឹកនៅពេលយប់ មិនត្រឹមតែរំខានដល់ការសម្រាកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យកម្រិតអ័រម៉ូនបុរស Testosterone ធ្លាក់ចុះ ដែលជាកត្តាចម្បងនាំឱ្យបាត់បង់ចំណង់ផ្លូវភេទ និងសមត្ថភាពនៃការឡើងរឹង។
លើសពីនេះទៅទៀត ការមានអារម្មណ៍ឈឺចាប់នៅពេលបត់ជើងតូច ក៏ជាសញ្ញាគ្រោះថ្នាក់មួយទៀតដែលបណ្តាលមកពីការឆ្លងមេរោគ ឬការរលាកក្នុងផ្លូវទឹកនោម។ បញ្ហានេះអាចឈានទៅដល់ការបំផ្លាញសរសៃឈាម និងសរសៃប្រសាទក្នុងតំបន់អាងត្រគាក ដែលប៉ះពាល់ផ្ទាល់ដល់សមត្ថភាពផ្លូវភេទ។
ដូច្នេះ ប្រសិនបើបុរសៗសម្គាល់ឃើញនូវភាពមិនប្រក្រតីទាំងនេះ មិនគួរព្រងើយកន្តើយឡើយ ព្រោះការស្វែងរកការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញបានទាន់ពេលវេលា គឺជាគន្លឹះដ៏សំខាន់ក្នុងការការពារ និងព្យាបាលជំងឺងាប់លិង្គតាំងពីដំណាក់កាលដំបូង៕