យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់រាងកាយ ប៉ុន្តែប្រសិនបើអ្នកផឹកវាមិនបានត្រឹមត្រូវ វាអាចប្រែជាសត្រូវបំផ្លាញសុខភាពទៅវិញ។
យោងតាមអ្នកជំនាញអាហារូបត្ថម្ភ កំហុសឆ្គងដំបូងដែលមនុស្សភាគច្រើនជួបប្រទះគឺ ការទទួលទានច្រើនហួសប្រមាណ (លើសពី ៣ ពែងក្នុងមួយថ្ងៃ) ដែលនាំឱ្យគេងមិនលក់ និងលើសឈាម រួមទាំង ការផឹកកាហ្វេទាំងពោះទទេ ដែលបង្កើនអាស៊ីតក្រពះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារយ៉ាងធ្ងន់ធ្ងរ។
កត្តាដែលគួរប្រុងប្រយ័ត្នបំផុតនោះគឺ ការថែមស្ករ និងក្រែមច្រើនពេក ដែលជាប្រភពនៃកាឡូរីលើស បង្កឱ្យមានជំងឺខ្លាញ់រុំថ្លើម ទឹកនោមផ្អែម និងបញ្ហាបេះដូង។ លើសពីនេះ ដោយសារកាហ្វេមានសារធាតុបញ្ចុះទឹកនោម ការ មិនផឹកទឹកឱ្យបានគ្រប់គ្រាន់ អាចនាំឱ្យរាងកាយខ្សោះជាតិទឹក បណ្ដាលឱ្យឈឺក្បាល និងអស់កម្លាំង។ សូម្បីតែសីតុណ្ហភាពក៏សំខាន់ដែរ ការ ផឹកកាហ្វេដែលក្ដៅខ្លាំងពេក អាចបង្កគ្រោះថ្នាក់ដល់បំពង់អាហារ និងបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារ។
ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត អ្នកគួរជ្រើសរើសគ្រាប់កាហ្វេដែលមានគុណភាពល្អ ជៀសវាងការផឹកកាហ្វេក្នុងរយៈពេល ៦ ម៉ោងមុនចូលគេងដើម្បីកុំឱ្យរំខានដល់ដំណេក និងត្រូវចាំថាគួរញ៉ាំអាហារសម្រន់បន្តិចបន្តួចមុនពេលក្រេបរសជាតិកាហ្វេ។
ការយកចិត្តទុកដាក់លើទម្លាប់តូចតាចទាំងនេះ នឹងជួយឱ្យអ្នករីករាយជាមួយកាហ្វេប្រចាំថ្ងៃដោយក្តីរីករាយ និងមានសុខភាពល្អមាំមួន៕