យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព អង្ករសំរូបគឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយសារវាមានសន្ទស្សន៍គ្លីសេមិច ទាបជាងអង្ករស ដែលជួយឱ្យរាងកាយស្រូបយកជាតិស្ករយឺត និងការពារការកើនឡើងជាតិស្ករក្នុងឈាមភ្លាមៗក្រោយពេលញ៉ាំ។
ក្រៅពីជួយគ្រប់គ្រងជាតិស្ករ ស្រទាប់កន្ទក់នៃអង្ករសំរូបក៏សម្បូរទៅដោយជាតិសរសៃ វីតាមីន B និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយដល់ការកាត់បន្ថយការរលាក និងពង្រឹងសុខភាពសរសៃឈាមបេះដូង។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាសុវត្ថិភាព អ្នកជំងឺគួរកម្រិតបរិមាណទទួលទានត្រឹមតែ ១០០ ក្រាមក្នុងមួយពេល និងអនុវត្តតាមរូបមន្តចានអាហារដែលមានតុល្យភាព ដោយមានបន្លែពាក់កណ្តាលចាន និងប្រូតេអ៊ីនគ្មានខ្លាញ់មួយភាគបួននៃចាន។
វិធីសាស្ត្រចម្អិនក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ ដោយការចំហុយត្រូវបានចាត់ទុកថាជាវិធីល្អបំផុតក្នុងការរក្សាសន្ទស្សន៍គ្លីសេមិចឱ្យនៅទាប ខណៈការប្រើកម្ដៅខ្ពស់ពេក ឬការយកទៅឆាជាមួយប្រេងអាចធ្វើឱ្យគុណតម្លៃអាហារូបត្ថម្ភធ្លាក់ចុះ។ ដោយសារអង្ករសំរូបមានផ្ទុកអាស៊ីតហ្វីទិកដែលអាចរំខានដល់ការស្រូបយកសារធាតុរ៉ែ អ្នកជំងឺគួរផ្លាស់ប្តូរមុខម្ហូបជាមួយគ្រាប់ធញ្ញជាតិផ្សេងៗដូចជាសណ្តែក ឬដំឡូងខ្លះដើម្បីឱ្យរបបអាហារមានភាពចម្រុះ។
អ្វីដែលសំខាន់បំផុតគឺការតាមដានកម្រិតជាតិស្ករក្នុងឈាមឱ្យបានទៀងទាត់ក្រោយពេលញ៉ាំ ដើម្បីកែសម្រួលបរិមាណអាហារឱ្យស្របតាមស្ថានភាពសុខភាពជាក់ស្តែងរបស់បុគ្គលម្នាក់ៗ៕