យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាពនិងចិត្តសាស្ដ្រ ការគ្រប់គ្រងអារម្មណ៍មិនមែនជារឿងងាយស្រួលឡើយ ប៉ុន្តែវាជាជំនាញចាំបាច់ដើម្បីរក្សាសុខភាពផ្លូវចិត្ត និងទំនាក់ទំនងល្អជាមួយអ្នកដទៃ។
វិធីសាស្ត្រដំបូងដែលសាមញ្ញបំផុតគឺ ការរាប់ពី ១ ដល់ ១០ រួមជាមួយការដកដង្ហើមវែងៗ ដើម្បីផ្ដោតអារម្មណ៍ និងផ្ដល់ពេលវេលាឱ្យខួរក្បាលបានត្រជាក់ចុះមុននឹងបញ្ចេញប្រតិកម្ម។ ប្រសិនបើភាគីម្ខាងទៀតនៅតែបន្តញុះញង់ ចូរប្រើវិធី មិនអើពើ ដោយមិនតបត ដើម្បីកុំឱ្យស្ថានភាពកាន់តែឆេះឆួលខ្លាំងឡើង។
យុទ្ធសាស្ត្របន្ទាប់គឺ ការបន្ថយល្បឿន ទាំងកាយវិការ និងពាក្យសម្ដី។ ចូរបង្ខំខ្លួនឯងឱ្យនិយាយយឺតៗ និងត្រងពាក្យនីមួយៗឱ្យបានច្បាស់លាស់មុននឹងនិយាយចេញទៅ។ ទន្ទឹមនឹងនេះ ចូរ គិតពីផលវិបាកដល់អ្នកដទៃ ដូចជា ឪពុកម្ដាយ ឬមនុស្សជាទីស្រឡាញ់ ដែលអាចនឹងរងទុក្ខ ឬអាម៉ាស់មុខដោយសារទង្វើខ្វះការពិចារណាមួយវិនាទីរបស់អ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ថាទប់ចិត្តមិនជាប់ ចូរ សុំពេលផ្អាកមួយឡែក ដើម្បីទៅរកកន្លែងស្ងប់ស្ងាត់ដើម្បីរំងាប់ចិត្តឱ្យបាន ១០ ទៅ ៣០ នាទីសិន។
គន្លឹះដែលបង្ហាញពីភាពចាស់ទុំបំផុតគឺ ការប្រើពាក្យ “សុំទោស” និងការ “អភ័យទោស”។ ការសុំទោសមិនមែនមានន័យថាអ្នកខុសជានិច្ចនោះទេ ប៉ុន្តែវាជាការបង្ហាញពីសុជីវធម៌ដើម្បីបញ្ចប់ជម្លោះ រីឯការអភ័យទោសចំពោះរឿងតូចតាចនឹងធ្វើឱ្យជីវិតរបស់អ្នកមានក្ដីសុខ។
ជាចុងក្រោយ ចូរ ទុកឱ្យច្បាប់ជាអ្នកដោះស្រាយ ប្រសិនបើមានបញ្ហាធ្ងន់ធ្ងរ ព្រោះការប្រើហិង្សាតាមអារម្មណ៍មានតែនាំមកនូវការបង់ខាត និងទោសទណ្ឌប៉ុណ្ណោះ។ ការរក្សាភាពស្ងប់ស្ងាត់គឺជាអាវុធដ៏មានអំណាចបំផុតក្នុងការដោះស្រាយរាល់បញ្ហា៕