យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព ការទទួលទានស៊ុតជារៀងរាល់ថ្ងៃគឺជាប្រធានបទដែលត្រូវបានជជែកវែកញែកយ៉ាងទូលំទូលាយ ប៉ុន្តែចម្លើយពិតប្រាកដគឺអាស្រ័យទៅលើស្ថានភាពសុខភាពបុគ្គលម្នាក់ៗ។
ចំពោះមនុស្សដែលមានសុខភាពល្អធម្មតា ការញ៉ាំស៊ុតមួយគ្រាប់ក្នុងមួយថ្ងៃមិនបង្កបញ្ហាអ្វីឡើយ ព្រោះស៊ុតគឺជាប្រភពនៃប្រូតេអ៊ីន និងអាស៊ីតអាមីណូដ៏ល្អបំផុត។ ប៉ុន្តែដោយសារក្នុងស៊ុតផ្នែកលឿងម្ខាង មានផ្ទុកជាតិកូឡេស្តេរ៉ុលចន្លោះពី ១៨០ ទៅ ២០០ មិល្លីក្រាម ការទទួលទានច្រើនពេកអាចបង្កឱ្យមានការលើសជាតិខ្លាញ់សម្រាប់អ្នកដែលមានបញ្ហាសុខភាពស្រាប់។
ចំពោះអ្នកដែលមានជំងឺសរសៃឈាមបេះដូង កូឡេស្តេរ៉ុលខ្ពស់ លើសឈាម ឬខ្លាញ់រុំថ្លើម អ្នកជំនាញណែនាំឱ្យកម្រិតការញ៉ាំស៊ុតត្រឹមតែ ២ ទៅ ៣ គ្រាប់ប៉ុណ្ណោះក្នុងមួយសប្តាហ៍។ ការលើសជាតិខ្លាញ់ក្នុងឈាមរយៈពេលយូរអាចបណ្តាលឱ្យមានជំងឺសរសៃឈាមរឹង ដែលបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងយ៉ាងធ្ងន់ធ្ងរ។ វិធីសាស្ត្រចម្អិនក៏សំខាន់ខ្លាំងដែរ ការជ្រើសរើសយកការស្ងោរ ឬចំហុយ គឺល្អជាងការចៀន ព្រោះវាជួយកាត់បន្ថយការបន្ថែមជាតិខ្លាញ់មិនល្អចូលទៅក្នុងរាងកាយ។
សរុបមក ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់ពីស៊ុត អ្នកគួរអនុវត្តរបបអាហារចម្រុះ និងមិនត្រូវផ្ដោតតែលើអាហារប្រភេទណាមួយខ្លាំងពេកនោះទេ។ ការរួមបញ្ចូលរបបអាហារដែលមានតុល្យភាព រួមជាមួយការហាត់ប្រាណឱ្យបានទៀងទាត់ នឹងជួយឱ្យរាងកាយរំលាយសារធាតុចិញ្ចឹមបានល្អ និងបង្កើនប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំ។
ការកែសម្រួលការញ៉ាំតាមស្ថានភាពសុខភាពផ្ទាល់ខ្លួន គឺជាគន្លឹះដ៏ល្អបំផុតដើម្បីចៀសផុតពីជំងឺសរសៃឈាម និងបេះដូង៕