យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព បានបង្ហាញថា នៅពេលយប់ បេះដូង និងប្រព័ន្ធសរសៃឈាមត្រូវការសម្រាក ដោយកាត់បន្ថយសម្ពាធឈាម និងចង្វាក់បេះដូងឱ្យនៅកម្រិតទាបបំផុត។ប៉ុន្តែការញ៉ាំអាហារមិនត្រឹមត្រូវនៅពេលជិតចូលគេង នឹងបង្ខំឱ្យបេះដូងធ្វើការធ្ងន់ទាំងបង្ខំ។
អាហារដែលគួរចៀសវាងបំផុតគឺ អាហារប្រៃខ្លាំង (ដូចជា ផ្អក មីកញ្ចប់ ឬគ្រឿងជ្រក់) ព្រោះវាធ្វើឱ្យរាងកាយដក់ទឹក បង្កើនសម្ពាធឈាមភ្លាមៗនៅពេលយប់។ បន្ថែមពីនេះ អាហារចៀន និងសាច់ក្រហមដែលមានខ្លាញ់ច្រើន (សាច់ជ្រូកបីជាន់ ឆ្អឹងជំនីរ) គឺជាប្រភពនៃខ្លាញ់អាក្រក់ដែលធ្វើឱ្យឈាមកកស្ទះ និងបង្កើនបន្ទុកលើប្រព័ន្ធរំលាយអាហារយ៉ាងធ្ងន់ធ្ងរ។
ក្រៅពីគ្រឿងប្រៃ និងខ្លាញ់ បង្អែម ឬនំខេកដែលមានជាតិស្ករខ្ពស់ ក៏ជាសត្រូវនៃបេះដូងផងដែរ ព្រោះវាធ្វើឱ្យជាតិស្ករក្នុងឈាមឡើងចុះលឿនពេក បង្កឱ្យបេះដូងលោតញាប់ និងរំខានដល់អ័រម៉ូនដំណេក។
ចំណុចចុងក្រោយដែលមនុស្សភាគច្រើនយល់ច្រឡំថាមានជីវជាតិ គឺ ទឹកស៊ុបឆ្អឹង ឬទឹកស៊ុបឆ្នាំងក្ដៅ ដែលរំងាស់យូរ ព្រោះវាសម្បូរទៅដោយជាតិខ្លាញ់ឆ្អែត និងអំបិលច្រើនលើសលប់។ ការញ៉ាំអាហារទាំងនេះមុនគេង ធ្វើឱ្យឈាមខាប់ និងបង្ខំឱ្យបេះដូងបូមឈាមខ្លាំងក្នុងពេលដែលវាគួរតែសម្រាក៕