យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាពនិងអារូបត្ថម្ភ ទោះបីជាមនុស្សជាច្រើនយល់ថាពោតគ្រាន់តែជាម្សៅដែលធ្វើឱ្យធាត់ ប៉ុន្តែតាមពិតវាគឺជា “កំពូលអាហារ” ដែលសម្បូរទៅដោយជីវជាតិ។
ពោតផ្ដល់នូវ ជាតិសរសៃមិនរលាយ ដែលជួយសម្រួលដល់ការរំលាយអាហារ ការពារការទល់លាមក និងចិញ្ចឹមបាក់តេរីល្អក្នុងពោះវៀន។ ពណ៌លឿងរបស់វាសម្បូរទៅដោយសារធាតុ Lutein និង Zeaxanthin ដែលជួយការពារភ្នែកពីជំងឺឡើងបាយ និងការចុះខ្សោយភ្នែកតាមវ័យ។ លើសពីនេះ ប៉ូតាស្យូម និងជាតិសរសៃក្នុងពោត ក៏ជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងគ្រប់គ្រងសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតល្អសម្រាប់បេះដូង។
ពោតក៏ជាប្រភពនៃ ថាមពលស្អាត និងគ្មានជាតិស្អិតដែលស័ក្តិសមបំផុតសម្រាប់អ្នកអាឡែស៊ីស្រូវសាលី។ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងពោត (ជាពិសេសពោតពណ៌ស្វាយ ឬខៀវ) ជួយការពារកោសិកាពីរ៉ាឌីកាល់សេរី និងកាត់បន្ថយការរលាកក្នុងរាងកាយ។
ចំណុចគួរប្រុងប្រយ័ត្ន៖
ដោយសារពោតសម្បូរទៅដោយម្សៅ និងកាបូអ៊ីដ្រាត អ្នកមាន ជំងឺទឹកនោមផ្អែម គួរញ៉ាំក្នុងកម្រិតសមល្មម។ លោកអ្នកគួរជៀសវាងពោតកែច្នៃដែលមានជាតិស្ករ ឬខ្លាញ់ខ្ពស់ (ដូចជាពោតលីង ឬពោតចៀន) ព្រោះវាអាចបណ្ដាលឱ្យឡើងទម្ងន់ និងប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម៕