យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការគេងគ្រប់គ្រាន់គឺជាឱសថទិព្វសម្រាប់រាងកាយជួសជុលកោសិកាដែលខូចខាត។
ប្រសិនបើលោកអ្នកបណ្ដោយឱ្យការគេងមិនលក់ក្លាយជាជំងឺរ៉ាំរ៉ៃ វានឹងក្លាយជាសត្រូវដ៏សាហាវដែលបង្ខំឱ្យបេះដូងធ្វើការលើសកម្លាំង រហូតប្រឈមនឹងជំងឺសរសៃឈាមបេះដូង និងធ្វើឱ្យសមត្ថភាពខួរក្បាលចុះខ្សោយ ងាយបង្កគ្រោះថ្នាក់ក្នុងជីវភាពប្រចាំថ្ងៃ។
ជាទូទៅ មនុស្សម្នាក់ៗត្រូវការម៉ោងសម្រាកខុសគ្នាទៅតាមវ័យ ដោយកុមារគួរគេងឱ្យបាន ៨-១០ ម៉ោង មនុស្សពេញវ័យ ៦-៨ ម៉ោង និងមនុស្សចាស់ ៥-៦ ម៉ោង។
ទោះជាយ៉ាងណា អ្វីដែលសំខាន់បំផុតគឺ “គុណភាពនៃដំណេក”។ លោកអ្នកអាចទទួលបានដំណេកដ៏វិសេស ដោយគ្រាន់តែកែសម្រួលទម្លាប់សាមញ្ញៗដូចជា ចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីននៅពេលល្ងាច រៀបចំបន្ទប់គេងឱ្យងងឹតស្ងាត់ និងត្រូវបិទទូរស័ព្ទដៃយ៉ាងតិច ៣០ នាទីមុនចូលគេង ដើម្បីជួយឱ្យខួរក្បាលបានសម្រាកពិតប្រាកដ៕