យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ពណ៌ទឹកនោមមិនមែនគ្រាន់តែជាកាកសំណល់ដែលត្រូវបញ្ចេញចោលនោះទេ ប៉ុន្តែវាគឺជាសញ្ញាព្រមានដ៏សំខាន់អំពីតុល្យភាពជាតិទឹក និងសុខភាពសរីរាង្គខាងក្នុង។
ពណ៌ដែលល្អបំផុតគឺ ពណ៌លឿងស្រាល ដែលបង្ហាញថារាងកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ និងមានសុខភាពល្អ។ ប្រសិនបើទឹកនោមមានពណ៌ ថ្លាដូចទឹក ពេញមួយថ្ងៃ វាអាចជាសញ្ញាថាអ្នកផឹកទឹកច្រើនជ្រុល ដែលនាំឱ្យបាត់បង់អេឡិចត្រូលីត។ ផ្ទុយទៅវិញ បើទឹកនោមប្រែជា លឿងចាស់ វាគឺជាការដាស់តឿនឱ្យអ្នកប្រញាប់ផឹកទឹកបន្ថែមជាបន្ទាន់ ដើម្បីការពារការខ្សោះជាតិទឹកដែលប៉ះពាល់ដល់មុខងារសរីរាង្គ។
ចំពោះពណ៌ដែលមិនប្រក្រតីផ្សេងទៀត អាចមានមូលហេតុមកពីអាហារ ថ្នាំពេទ្យ ឬជំងឺ។ ទឹកនោមពណ៌ ទឹកក្រូច អាចបណ្តាលមកពីការខ្សោះជាតិទឹកធ្ងន់ធ្ងរ ឬបញ្ហាថ្លើម និងថង់ទឹកប្រមាត់។ ប្រសិនបើទឹកនោមមានពណ៌ ផ្កាឈូក ឬក្រហម (ដោយមិនបានញ៉ាំផ្លែស្រកានាគ ឬប៊ីតរូត) វាអាចជាសញ្ញានៃការហូរឈាមក្នុងផ្លូវទឹកនោម ក្រួសក្នុងតម្រងនោម ឬដុំសាច់ ដែលទាមទារឱ្យទៅជួបគ្រូពេទ្យជាប្រញាប់។
ពណ៌ទឹកនោមដែលគួរឱ្យបារម្ភបំផុតគឺពណ៌ ត្នោតចាស់ ឬខ្មៅ ដែលអាចជាសញ្ញានៃជំងឺថ្លើមធ្ងន់ធ្ងរ ឬរបួសសាច់ដុំ។ ចំណែកឯពណ៌ ខៀវ ឬបៃតង ភាគច្រើនបណ្តាលមកពីលក្ខណៈថ្នាំពេទ្យ ឬការឆ្លងមេរោគបាក់តេរីមួយចំនួន។
ការយកចិត្តទុកដាក់សង្កេតមើលពណ៌ទឹកនោមជារៀងរាល់ថ្ងៃ គឺជាវិធីសាស្ត្រសាមញ្ញបំផុតក្នុងការតាមដានសុខភាពខ្លួនឯង និងជួយឱ្យអ្នកអាចបង្ការជំងឺធ្ងន់ធ្ងរបានទាន់ពេលវេលា៕