យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាពស្ដ្រី បានបង្ហាញថា សប្តាហ៍ដំបូងបន្ទាប់ពីមករដូវចប់ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការសម្រកទម្ងន់ ព្រោះរាងកាយងាយនឹងដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងរហ័ស។
ដើម្បីទាញយកអត្ថប្រយោជន៍នេះ អ្នកគួរចាប់ផ្ដើមថ្ងៃថ្មីដោយការផឹកទឹកឃ្មុំមួយកែវនៅពេលព្រឹក ព្រោះវាមានអាស៊ីតខ្លាញ់ជួយជំរុញចលនាពោះវៀន បន្សាបជាតិពុល និងជួយឱ្យស្បែកភ្លឺថ្លាដោយមិនផ្ដល់កាឡូរីលើស។ ជាមួយគ្នានេះ ផ្លែគីវីគឺជាជំនួយការដ៏ពូកែដែលមានអង់ស៊ីមជួយបំបែកប្រូតេអ៊ីន និងអាស៊ីតអាមីណូសំខាន់ៗដែលជំរុញការរំលាយជាតិខ្លាញ់ មិនឱ្យកកកុញក្នុងរាងកាយឡើយ។
បន្ថែមពីនេះ ការទទួលទានប្រូខូលី ឬខាត់ណាខៀវឱ្យបានច្រើន គឺជាជម្រើសដ៏ឆ្លាតវៃ ព្រោះវាសម្បូរជាតិសរសៃខ្ពស់ដែលជួយលាងជម្រះជាតិខ្លាញ់លើសចេញពីពោះវៀន និងមានសារធាតុប្រឆាំងភាពចាស់ជួយឱ្យរាងកាយមាំមួន។ ចំណែកឯគ្រាប់ធញ្ញជាតិវិញ ទោះបីវាមានជាតិខ្លាញ់ ប៉ុន្តែវាជាប្រភេទអាស៊ីតខ្លាញ់មិនឆ្អែតដែលផ្តល់ប្រយោជន៍ដល់រាងកាយ។ ការញ៉ាំគ្រាប់ធញ្ញជាតិមួយក្តាប់តូចនៅចន្លោះពេលបាយ មិនត្រឹមតែជួយបង្កើនថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ជួយទប់ស្កាត់ការញ៉ាំអាហារផ្ដេសផ្ដាស និងបង្កើនប្រសិទ្ធភាពនៃការសម្រកទម្ងន់បានយ៉ាងអស្ចារ្យ៕