យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ដើម្បីថែរក្សាថ្លើមដែលជាអ្នកចម្រោះជាតិពុលក្នុងរាងកាយឱ្យមានសុខភាពល្អ ការជ្រើសរើសរបបអាហារត្រឹមត្រូវគឺជាចំណុចសំខាន់បំផុត។
បន្លែស្លឹកបៃតង គឺជាប្រភពនៃសារធាតុ Chlorophyll ដែលជួយបន្សាបជាតិគីមី និងកម្ចាត់លោហធាតុធ្ងន់ពីថ្លើម ខណៈដែល ស្រូវសាលី និងគ្រាប់ធញ្ញជាតិ ជួយកាត់បន្ថយការកកើតជាតិខ្លាញ់ក្នុងថ្លើមបានយ៉ាងប្រសើរ។ ជាមួយគ្នានេះ ការទទួលទាន កាហ្វេ មួយពែងនៅពេលព្រឹក ក៏ជួយការពារជំងឺមហារីកថ្លើម និងក្រិនថ្លើម ដោយវាជួយបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្ម និងទប់ស្កាត់ការកកកុញជាតិខ្លាញ់លើស។
បន្ថែមពីនេះ ការទទួលទាន ទឹកស្អាត ឱ្យបាន ១២ ទៅ ១៥ កែវក្នុងមួយថ្ងៃ ឬការផឹកទឹកដូង នឹងជួយឱ្យថ្លើមបញ្ចេញជាតិពុលបានកាន់តែរហ័ស។ ផ្លែឈើដូចជា ក្រូចថ្លុង ក៏ដើរតួជាខែលការពារថ្លើមពីផលប៉ះពាល់នៃគ្រឿងស្រវឹង និងជួយដុតរំលាយជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាព។ ចំពោះគ្រឿងទេសវិញ ខ្ញី និងខ្ទឹមស ជួយកាត់បន្ថយការរលាកថ្លើម និងពង្រឹងប្រព័ន្ធរំលាយអាហារ ចំណែកឯ ត្រីសាម៉ុង ដែលសម្បូរអូមេហ្គា ៣ នឹងជួយរក្សាកម្រិតអង់ស៊ីមថ្លើមឱ្យនៅធម្មតា។
ការរួមបញ្ចូលអាហារទាំងនេះទៅក្នុងជីវភាពប្រចាំថ្ងៃ គឺជាវិធីសាស្ត្រងាយស្រួលបំផុតក្នុងការថែរក្សាថ្លើមឱ្យមាំមួនពីខាងក្នុង៕