ការដើររយៈពេល ៣០ នាទី បន្ទាប់ពីញ៉ាំអាហាររួច គឺជាទម្លាប់ដ៏សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់សុខភាពរាងកាយទាំងមូល ។ នេះ គឺជាអត្ថប្រយោជន៍សំខាន់ៗដែលអ្នកនឹងទទួលបាន ៖
១. ជួយដល់ប្រព័ន្ធរំលាយអាហារ
ការដើរជួយជំរុញដល់ចលនានៃក្រពះ និងពោះវៀន ដែលធ្វើឱ្យអាហារឆ្លងកាត់ប្រព័ន្ធរំលាយអាហារបានលឿន និងមានប្រសិទ្ធភាព ។ វាជួយកាត់បន្ថយបញ្ហាដូចជា ៖
-ហើមពោះ ឬភើច្រើន។
-ចុកសៀតណែនទ្រូងក្រោយញ៉ាំឆ្អែត។
-ការពារបញ្ហាទល់លាមក។
២. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
នេះ គឺជាអត្ថប្រយោជន៍ដ៏ធំបំផុត ជាពិសេសសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២។ នៅពេលអ្នកដើរ សាច់ដុំនឹងប្រើប្រាស់ជាតិស្ករ (Glucose) ពីអាហារដែលអ្នកទើបតែញ៉ាំ ដើម្បីយកទៅធ្វើជាថាមពល។ វាជួយបង្ការមិនឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗ (Blood Sugar Spikes) ក្រោយពេលញ៉ាំបាយ។
៣. ជួយសម្រកទម្ងន់ និងកម្ចាត់ខ្លាញ់ក្បាលពោះ
ទោះបីជាការដើរមិនដុតកាឡូរីបានច្រើនដូចការរត់ក៏ដោយ ប៉ុន្តែការធ្វើវាជាប្រចាំក្រោយញ៉ាំអាហាររួច ជួយឱ្យរាងកាយដុតរំលាយថាមពលបានទាន់ពេលវេលា ការពារមិនឱ្យលើសកាឡូរី ដែលជាមូលហេតុចម្បងនៃដុះក្បាលពោះ។
៤. កាត់បន្ថយហានិភ័យជំងឺបេះដូង
ការដើរបញ្ចុះសម្ពាធឈាម និងកាត់បន្ថយជាតិខ្លាញ់មិនល្អ (LDL) ក្នុងសរសៃឈាម។ ការធ្វើចលនាស្រាលៗបែបនេះ ជួយឱ្យរបត់ឈាមរត់បានស្រួល និងធ្វើឱ្យបេះដូងមានសុខភាពល្អ។
៥. កាត់បន្ថយស្រ្តេស និងជួយឱ្យគេងលក់ស្រួល
ការដើរជួយឱ្យរាងកាយបញ្ចេញជាតិអង់ដូហ្វីន (Endorphins) ដែលជាអ័រម៉ូនជួយឱ្យអារម្មណ៍ស្រស់ថ្លា និងកាត់បន្ថយស្រ្តេស។ ម្យ៉ាងទៀត ការដើរនៅពេលល្ងាចក្រោយបាយរួច នឹងជួយឱ្យរាងកាយរបស់អ្នកធូរស្រាល និងងាយស្រួលគេងលក់ជ្រៅនៅពេលយប់។