អាការស្ពឹកដៃ និងជើង គឺជាសញ្ញាមួយដែលប្រព័ន្ធប្រសាទរបស់អ្នកកំពុងមានបញ្ហា ឬត្រូវបានរំខាន ។ មូលហេតុនៃអាការនេះមានច្រើន ចាប់ពីបញ្ហាសាមញ្ញ រហូតដល់ជំងឺរ៉ាំរ៉ៃ ៖
១. កង្វះវីតាមីន និងជាតិរ៉ែ
មូលហេតុដែលជួបញឹកញាប់បំផុត គឺការខ្វះ វីតាមីន B12 ដែលវាមានតួនាទីយ៉ាងសំខាន់ក្នុងការការពារស្រទាប់ស្រោបសរសៃប្រសាទ ។
–កង្វះវីតាមីន B1, B6, និងB12 ៖ ធ្វើឱ្យសរសៃប្រសាទចុះខ្សោយ និងបង្កឱ្យមានអារម្មណ៍ដូចមានស្រមោចតិចៗ ឬស្ពឹក ។
–កង្វះប៉ូតាស្យូម ឬម៉ាញ៉េស្យូម ៖ អាចបណ្តាលឱ្យមានការស្ពឹក និងរមួលក្រពើ។
២. ជំងឺទឹកនោមផ្អែម
នេះជាមូលហេតុចម្បងមួយនៃអាការស្ពឹកជើងរ៉ាំរ៉ៃ ។ ជាតិស្ករក្នុងឈាមខ្ពស់រយៈពេលយូរ នឹងទៅបំផ្លាញសរសៃប្រសាទតូចៗនៅចុងដៃចុងជើង ដែលធ្វើឱ្យអ្នកបាត់បង់អារម្មណ៍ដឹង ឬស្ពឹកជានិច្ច ។
៣. ការសង្កត់លើសរសៃប្រសាទ
-Herniated Disc (លៀសថាសឆ្អឹងកង)៖ បញ្ហាឆ្អឹងកងខ្នងសង្កត់លើសរសៃប្រសាទដែលរត់ទៅជើង បណ្តាលឱ្យស្ពឹកជើង។
-Carpal Tunnel Syndrome៖ ការធ្វើការប្រើដៃច្រើន (ដូចជាវាយកុំព្យូទ័រ) ធ្វើឱ្យសរសៃប្រសាទនៅកដៃរងការសង្កត់ នាំឱ្យស្ពឹកម្រាមដៃ ។
៤. បញ្ហាចរន្តឈាម
នៅពេលឈាមរត់មិនបានល្អទៅកាន់ផ្នែកចុងនៃរាងកាយ វាអាចធ្វើឱ្យស្ពឹក ។ មូលហេតុអាចមកពី៖
-ការអង្គុយ ឬគេងសង្កត់លើដៃជើងយូរពេក ។
-ជំងឺសរសៃឈា មដែលបណ្តាលមកពីការជក់បារី ឬលើសជាតិខ្លាញ់ ។
៥. ការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក
ជាតិអាល់កុលអាចបំផ្លាញជាលិកាសរសៃប្រសាទដោយផ្ទាល់ (Alcoholic Neuropathy) និងធ្វើឱ្យរាងកាយពិបាកស្រូបយកវីតាមីន B ដែលនាំឱ្យមានអាការស្ពឹកដៃជើង។
៦. បញ្ហាសុខភាពផ្សេងៗទៀត
–ជំងឺតម្រងនោម៖ នៅពេលតម្រងនោមខ្សោយ ជាតិពុលក្នុងឈាមកើនឡើង និងបំផ្លាញសរសៃប្រសាទ។
–បញ្ហាក្រពេញទីរ៉ូអ៊ីត៖ មុខងារទីរ៉ូអ៊ីតដើរយឺត (Hypothyroidism) ក៏អាចបង្កឱ្យមានការស្ពឹកដែរ។