យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស មនុស្សជាច្រើនយល់ច្រឡំថាការលេបវីតាមីនមុនចូលគេងជួយឱ្យរាងកាយជួសជុលផ្នែកដែលខូចខាតបានល្អ ប៉ុន្តែតាមពិតទៅ វីតាមីនមួយចំនួនមានឥទ្ធិពលដាស់ខួរក្បាល និងប្រព័ន្ធរំលាយអាហារឱ្យធ្វើការខ្លាំងទៅវិញ។
វីតាមីន B (B6 និង B12) និង វីតាមីនចម្រុះ គឺជាក្រុមដែលជួយបំប្លែងអាហារទៅជាថាមពល និងជំរុញប្រព័ន្ធសរសៃប្រសាទ ដូច្នេះការលេបវានៅពេលយប់ប្រៀបដូចជាការផ្ដល់សញ្ញាឱ្យខួរក្បាលភ្ញាក់រលឹក ដែលនាំឱ្យអ្នកពិបាកសម្រាន្តលក់ ឬគេងមិនស្កប់។
បន្ថែមពីនេះ វីតាមីន D ក៏មិនគួរលេបនៅពេលយប់ដែរ ព្រោះវាអាចទៅរារាំងការផលិតមេឡាតូនីន (អ័រម៉ូនជំនួយការគេង) និងតម្រូវឱ្យញ៉ាំអាហារដែលមានជាតិខ្លាញ់ដើម្បីស្រូបយក ដែលងាយបង្កឱ្យមានការច្រាលអាស៊ីតក្រពះ។ ចំណែកឯ វីតាមីន C និង ស័ង្កសី (Zinc) អាចធ្វើឱ្យរមួលក្រពះ ចង្អោរ ឬឈឺពោះ ប្រសិនបើលេបនៅពេលពោះទទេមុនចូលគេង។ លើសពីនេះ វីតាមីន C មានឥទ្ធិពលបញ្ចុះទឹកនោមស្រាល ដែលអាចបណ្ដាលឱ្យអ្នកត្រូវភ្ញាក់ឡើងទៅបន្ទប់ទឹកនៅពាក់កណ្ដាលអធ្រាត្រ បំផ្លាញវដ្តនៃការគេងរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។
ដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមា និងរក្សាគុណភាពនៃការគេងឱ្យបានល្អ អ្នកជំនាញណែនាំឱ្យប្តូរការទទួលទានវីតាមីនទាំងនេះមក ពេលព្រឹក ឬពេលថ្ងៃត្រង់ ជាមួយអាហារវិញ។
ការធ្វើបែបនេះមិនត្រឹមតែជួយឱ្យរាងកាយស្រូបយកជីវជាតិបានពេញលេញ និងផ្ដល់ថាមពលសម្រាប់សកម្មភាពពេញមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យរាងកាយរបស់អ្នកបានសម្រាកយ៉ាងស្ងប់ស្ងាត់នៅពេលយប់ផងដែរ៕