យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បានឱ្យដឹងថាទឹកដូងមិនត្រឹមតែជាភេសជ្ជៈធម្មជាតិសម្រាប់បំបាត់ការស្រេកទឹកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «អេឡិចត្រូលីតធម្មជាតិ» ដ៏មានតម្លៃដែលសម្បូរទៅដោយប៉ូតាស្យូម កាល់ស្យូម និងម៉ាញ៉េស្យូម ដោយផ្តល់ថាមពលត្រឹមតែ ៦០ កាឡូរីប៉ុណ្ណោះក្នុងមួយកែវ។ ការទទួលទានទឹកដូងជាប្រចាំជួយរក្សាតុល្យភាពសម្ពាធឈាមបានយ៉ាងល្អ តាមរយៈការជម្រុញឱ្យតម្រងនោមបញ្ចេញជាតិអំបិលដែលលើស និងជួយឱ្យសរសៃឈាមរីកធំដើម្បីសម្រួលដល់រលំហូរឈាមឱ្យរត់បានស្រួលពាសពេញរាងកាយ។ ជាមួយគ្នានេះដែរ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការការកកកុញនៃគ្រីស្តាល់កាល់ស្យូម និងអុកស៊ីឡាត ដែលជាភ្នាក់ងារបង្កឱ្យកើតក្រួសក្នុងតម្រងនោមយ៉ាងមានប្រសិទ្ធភាព។
ក្រៅពីការការពារសុខភាពតម្រងនោម ទឹកដូងក៏ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងខ្លាញ់អាក្រក់ក្នុងឈាម ដែលជាគន្លឹះដ៏សំខាន់ក្នុងការថែរក្សាសុខភាពបេះដូងឱ្យរឹងមាំ។ ចំពោះប្រព័ន្ធរំលាយអាហារ ទឹកដូងមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងការរលាក ជួយឱ្យពោះវៀនដំណើរការបានល្អ និងកាត់បន្ថយអាការៈហើមពោះបានយ៉ាងរហ័ស។ អ្វីដែលកាន់តែពិសេសសម្រាប់អ្នកស្រឡាញ់សម្រស់ ទឹកដូងមានផ្ទុកសារធាតុ «ស៊ីតូគីនីន»ដែលជួយការពារកោសិកាមិនឱ្យឆាប់ខូច ពន្យារភាពចាស់ និងជួយឱ្យស្បែកមានសំណើម តឹងណែន និងក្មេងជាងវ័យចេញពីខាងក្នុងមក៕