យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការជ្រើសរើសរុក្ខជាតិមកតុបតែងក្នុងផ្ទះតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរុក្ខជាតិខ្លះបង្កប់នូវជាតិពុលដ៏គ្រោះថ្នាក់។
ផ្កាអូលេនឌើរ គឺជាប្រភេទដែលពុលខ្លាំងបំផុតគ្រប់ផ្នែកទាំងអស់ ចាប់ពីស្លឹកដល់ឫស ដែលជ័ររបស់វាអាចបង្កការរលាកស្បែក និងប៉ះពាល់ដល់ចង្វាក់បេះដូងរហូតដល់គ្រោះថ្នាក់ដល់ជីវិតប្រសិនបើលេបចូល។ ដោយឡែក ផ្កាត្រែ ក៏មានគ្រោះថ្នាក់មិនចាញ់គ្នាដែរ ដោយក្លិនរបស់វាអាចធ្វើឱ្យវិលមុខក្នុងបន្ទប់បិទជិត ហើយបើលេបចូលនឹងបណ្ដាលឱ្យមានអាការៈវង្វេងវង្វាន់ និងពុលប្រព័ន្ធសរសៃប្រសាទយ៉ាងធ្ងន់ធ្ងរ។
សម្រាប់ផ្ទះដែលមានកុមារតូចៗ គួរជៀសវាងការដាំដើមត្រចៀកដំរី ព្រោះវាមានផ្ទុកគ្រីស្តាល់ Calcium Oxalate ក្នុងជ័រដែលបង្កការរមាស់ រលាក និងហើមខ្លាំងលើស្បែក ឬភ្នែកភ្លាមៗពេលប៉ះពាល់។ ជាមួយគ្នានេះដែរ មើមរបស់ផ្កាដាហ្វូឌីល ងាយនឹងធ្វើឱ្យមានការយល់ច្រឡំថាជាខ្ទឹមបារាំង ដែលប្រសិនបើយកទៅចម្អិនជាម្ហូបអាហារ វានឹងបង្កឱ្យមានការក្អួត រាក និងរលាកក្រពះពោះវៀនខ្លាំងបំផុត។
ការយល់ដឹងពីលក្ខណៈសម្បត្តិនៃរុក្ខជាតិលម្អទាំងនេះ គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាសុវត្ថិភាពសមាជិកគ្រួសារ និងសត្វចិញ្ចឹមនៅក្នុងគេហដ្ឋានរបស់អ្នក៕