យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការជ្រើសរើសទិញសាច់ឱ្យបានត្រឹមត្រូវតម្រូវឱ្យអ្នកមានការសង្កេតយ៉ាងដិតដល់លើចំណុចសំខាន់ៗមួយចំនួន ដើម្បីជៀសវាងការទិញប៉ះសាច់ដែលគេបាញ់បញ្ចូលទឹកមិនស្អាត។
សញ្ញាដំបូងដែលងាយសម្គាល់បំផុតគឺវត្តមានទឹកពណ៌ផ្កាឈូកស្លេកដក់ជុំវិញថាសសាច់យ៉ាងច្រើន ព្រោះសាច់ស្រស់ធម្មតាមិនដែលមានទឹកជ្រាបចេញច្រើនបែបនេះឡើយ។ នៅពេលអ្នកសាកល្បងប្រើម្រាមដៃចុចលើសាច់ ប្រសិនបើវាផុងស្នាមជ្រៅ ឬមានទឹកហូរចេញតាមស្នាមចុចជំនួសឱ្យភាពយឺតណែន និងលោតមកវិញភ្លាមៗ នោះគឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថាជាសាច់ចាក់ទឹក។
បន្ថែមពីនេះ សាច់ដែលស្រូបទឹកច្រើនពេកនឹងបាត់បង់ពណ៌ផ្កាឈូកស្រស់ ដោយប្រែទៅជាស្លេកស្លាំង ឬមើលទៅហើមថ្លាៗខុសពីធម្មជាតិ។ អ្នកគួរពិនិត្យឱ្យបានដិតដល់លើស្បែកមាន់ ឬសាច់ជ្រូក ប្រសិនបើឃើញមានស្នាមអុជតូចៗដូចមុខម្ជុល ឬស្បែកមានសភាពហើមទន់រលុង នោះគឺជាដាននៃការបាញ់បញ្ចូលទឹកដោយប្រើសឺរ៉ាំង។ ចំណុចចុងក្រោយដែលត្រូវប្រុងប្រយ័ត្នបំផុត គឺការលក់ក្នុងតម្លៃថោកខុសប្រក្រតីធៀបនឹងទីផ្សារ ព្រោះអ្នកលក់អាចនឹងបំប៉ោងទម្ងន់សាច់តាមរយៈការចាក់ទឹកដើម្បីទូទាត់យកចំណេញវិញ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកទទួលទានតាមរយៈបាក់តេរីដែលមានក្នុងទឹកមិនស្អាតទាំងនោះ៕