យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព បានឱ្យដឹងថាជំងឺរលាកក្រពះអាចព្យាបាលបាន ប្រសិនបើអ្នកចេះផ្លាស់ប្តូរទម្លាប់រស់នៅ និងការហូបចុក។ ខាងក្រោមនេះជាណែនាំសុខភាពដែលអ្នកគួរអនុវត្ត៖
១. វិន័យក្នុងការហូបចុក
- ញ៉ាំឱ្យទាន់ពេលវេលា៖ កុំទុកឱ្យពោះទទេយូរពេក ដែលនាំឱ្យអាស៊ីតកើនឡើង។
- បរិមាណសមស្រប៖ កុំញ៉ាំអាហារច្រើនហួសក្នុងពេលតែមួយ។ គួរញ៉ាំតិចៗតែញឹកញាប់។
- អាហារងាយរំលាយ៖ ជ្រើសរើសអាហារទន់ៗ និងត្រូវ ទំពារឱ្យបានហ្មត់ចត់ បំផុតមុនពេលលេប ដើម្បីកាត់បន្ថយការងាររបស់ក្រពះ។
២. អ្វីដែលត្រូវជៀសវាងដាច់ខាត
- ភេសជ្ជៈ និងអាហារបង្កការរលាក៖ គ្រឿងស្រវឹង ភេសជ្ជៈមានហ្គាស អាហារហឹរខ្លាំង និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន (កាហ្វេ តែ សូកូឡា)។
- បារី៖ ការជក់បារីរារាំងដំណើរការសះស្បើយនៃរបួសក្នុងក្រពះ។
- ថ្នាំបំបាត់ការឈឺចាប់៖ ប្រុងប្រយ័ត្នជាមួយថ្នាំអាស្ពីរីននិងថ្នាំបំបាត់ការឈឺចាប់សន្លាក់មួយចំនួន ដែលអាចធ្វើឱ្យក្រពះកាន់តែរលាកខ្លាំង។
៣. ការប្រើប្រាស់ថ្នាំ និងការព្យាបាល
- ថ្នាំបន្សាបអាស៊ីត៖ លេបថ្នាំតាមកាលវិភាគ ៤ ដងក្នុងមួយថ្ងៃ (ក្រោយអាហារ ១ ម៉ោង និងមុនចូលគេង)។ បើជាថ្នាំគ្រាប់ ត្រូវទំពារឱ្យម៉ដ្ឋមុនលេប។
- ភាពអត់ធ្មត់៖ ការព្យាបាលក្រពះត្រូវការពេល។ អ្នកគួរលេបថ្នាំឱ្យបានទៀងទាត់តាមវេជ្ជបញ្ជា រយៈពេលពី ៤ ទៅ ៨ សប្តាហ៍ ទោះបីជាបាត់ឈឺក៏ដោយ។
៤. ផ្លូវចិត្ត និងសកម្មភាពរាងកាយ
- កាត់បន្ថយស្ត្រេស៖ ភាពតានតឹងធ្វើឱ្យក្រពះបញ្ចេញអាស៊ីតកាន់តែច្រើន។ គួររកពេលសម្រាកដោយការស្តាប់តន្ត្រី ធ្វើសមាធិ ឬមើលកុន។
- ហាត់ប្រាណ៖ ការធ្វើចលនារាងកាយជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ៕