យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព និងចិត្តសាស្ដ្រ បានឱ្យដឹងថា របួសផ្លូវចិត្តមិនមែនកើតឡើងតែបន្ទាប់ពីព្រឹត្តិការណ៍ធំដុំនោះទេ ប៉ុន្តែវាអាចជាស្លាកស្នាមដែលបន្សល់ទុកពីអតីតកាល ហើយបង្ហាញចេញតាមរយៈទម្លាប់ និងអារម្មណ៍មិនធម្មតាដូចខាងក្រោម៖
១. ប្រតិកម្មការពារខ្លួនជ្រុល
- ងាយភ្ញាក់ផ្អើល៖ ប្រតិកម្មខ្លាំងនឹងសំឡេងបន្តិចបន្តួច ឬការប៉ះពាល់ដោយចៃដន្យ។
- ប្រុងប្រយ័ត្នរាងកាយជានិច្ច៖ សាច់ដុំស្មា និងពោះតែងតែតានតឹង ហាក់ដូចជាកំពុងត្រៀមខ្លួនទប់ទល់នឹងគ្រោះថ្នាក់។
- មិនទុកចិត្តចេតនាល្អ៖ តែងតែសង្ស័យថាអ្នកដទៃជួយយើងព្រោះមានបំណងអាក្រក់អ្វីមួយលាក់កំបាំង។
២. ការតស៊ូជាមួយតម្លៃខ្លួនឯង
- សុំទោសគ្រប់ពេល៖ និយាយពាក្យសុំទោសសូម្បីតែរឿងតូចតាចដែលមិនមែនជាកំហុសខ្លួនឯង។
- មានអារម្មណ៍ខុសពេលសម្រាក៖ ពេលឈប់សម្រាក ចិត្តចាប់ផ្តើមបន្ទោសខ្លួនឯងថាខ្ជិល ឬគ្មានតម្លៃ។
- ញៀនការងារ ឬប្រកាន់ខ្ជាប់ភាពឥតខ្ចោះ៖ ខំធ្វើការហួសកម្លាំង ឬធ្វើអ្វីៗឱ្យល្អឥតខ្ចោះបំផុត ដើម្បីបញ្ជាក់ថាខ្លួនមានតម្លៃ និងការពារការរិះគន់។
៣. ភាពមិនប្រក្រតីនៃទំនាក់ទំនង និងអារម្មណ៍
- ស្ពឹកផ្លូវចិត្ត៖ មិនហ៊ានបង្ហាញអារម្មណ៍ពិត និងមិនចង់ឱ្យអ្នកណាឃើញផ្នែកទន់ជ្រាយរបស់ខ្លួន។
- ព្យាយាមផ្គាប់ចិត្តអ្នកដទៃ៖ ព្រមធ្វើគ្រប់យ៉ាងឱ្យតែគេសប្បាយចិត្ត ទោះខ្លួនឯងលំបាកក៏ដោយ។
- ខ្លាចការបោះបង់៖ នាំឱ្យមានទម្លាប់តោងជាប់នឹងនរណាម្នាក់ ឬអ្វីមួយខ្លាំងពេក។
- ពឹងផ្អែកលើខ្លួនឯងជ្រុល៖ មិនហ៊ានសុំជំនួយពីអ្នកណា ព្រោះខ្លាចគេបដិសេធ ឬខកចិត្ត។
៤. ការគេចវេស និងការបំផ្លាញខ្លួនឯង
- ការបំផ្លាញខ្លួនឯង៖ ជ្រើសរើសបំផ្លាញរឿងល្អៗក្នុងជីវិតចោលជាមុន ព្រោះខ្លាចថាថ្ងៃណាមួយរឿងទាំងនោះនឹងមកធ្វើបាបខ្លួនវិញ។
- ខ្លាចសុភមង្គល និងភាពជោគជ័យ៖ ចាត់ទុកភាពសប្បាយរីករាយជារឿងបណ្តោះអាសន្ន និងមិនមានសុវត្ថិភាព។
- ស្វែងរកភាពវឹកវរ៖ មានអារម្មណ៍មិនស្រួលក្នុងបរិយាកាសស្ងប់ស្ងាត់ ត្រូវការភាពច្របូកច្របល់ដើម្បីរំខានចិត្ត។
- ការពន្យល់ហួសហេតុ៖ តែងតែព្យាយាមបង្ហាញភាពត្រឹមត្រូវនៃសកម្មភាពខ្លួនឯង ទោះជារឿងតូចតាចក៏ដោយ។
៥. ផលប៉ះពាល់ដល់រាងកាយ និងការសម្រេចចិត្ត
- អស់កម្លាំងរ៉ាំរ៉ៃ៖ មានអារម្មណ៍អស់កម្លាំងគ្រប់ពេល ទោះបីជាគេងគ្រប់គ្រាន់ក៏ដោយ។
- លំបាកសម្រេចចិត្ត៖ ខ្លាចធ្វើខុស រហូតដល់មិនហ៊ានជ្រើសរើសអ្វីមួយ។
- ការគេចវេសពីការពិត៖ ប្រើការកម្សាន្ត ឬរឿងផ្សេងៗដើម្បីបំភ្លេចបញ្ហាដែលកំពុងប្រឈម៕