យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព បានបង្ហាញថាការឃើញឈាមក្នុងលាមកមិនមែនជារឿងធម្មតាឡើយ។ ពណ៌ និងសណ្ឋាននៃឈាម អាចបញ្ជាក់ពីបញ្ហាសុខភាពខុសៗគ្នាដែលអ្នកត្រូវប្រុងប្រយ័ត្ន៖
១. ជំងឺឫសដូងបាត
ជួបញឹកញាប់លើអ្នកទល់លាមក។ ឈាមមានពណ៌ ក្រហមស្រស់ អាចជាដំណក់ ឬឆ្នូតៗជាប់លាមក រួមជាមួយអាការៈឈឺក្រហាយនៅរន្ធគូថ។ បើធ្ងន់ធ្ងរ អាចមានសាច់ដុះលានចេញមកក្រៅ។
២. ការហូរឈាមក្នុងពោះវៀនធំ
ឈាមមានពណ៌ក្រហមស្រស់ ឬជាកកដុំៗ ប៉ុន្តែ មិនមានអាការៈឈឺចាប់ ឡើយ។ ប្រសិនបើហូរឈាមខ្លាំង អ្នកត្រូវសម្រាក និងប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។
៣. ការហូរឈាមក្នុងក្រពះ ឬពោះវៀនតូច
សញ្ញាសម្គាល់គឺលាមកមានពណ៌ ខ្មៅរលោង និងមានក្លិនឆ្អាបខ្លាំង។ ជួនកាលអាចមានអាការៈក្អួតឈាមរួមជាមួយផងដែរ។ នេះជាសញ្ញាអាសន្នដែលត្រូវជួបគ្រូពេទ្យភ្លាមៗ។
៤. ជំងឺរាកមួល
លាមកមានសភាពរាវ អមដោយ ស្លេស្មរំអិល និងឈាម។ វាបណ្តាលមកពីការឆ្លងមេរោគក្នុងពោះវៀនធំ ដែលធ្វើឱ្យមានការរលាក និងដំបៅ។
៥. មហារីកពោះវៀនធំ
ជាជំងឺដែលគួរឱ្យខ្លាចបំផុត។ ជាទូទៅកើតលើមនុស្សអាយុលើសពី ៤០-៥០ ឆ្នាំ ប៉ុន្តែក៏អាចកើតលើមនុស្សវ័យក្មេងដែរ ជាពិសេសអ្នកមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះ។ ការបន្ទោបង់មានឈាមក្នុងករណីមហារីក ច្រើនតែកើតឡើងដោយសារដំបៅមហារីកនៅជិតរន្ធគូថ។
៦. ជំងឺពោះវៀនខ្វះឈាម
បណ្តាលមកពីការស្ទះសរសៃឈាមដែលទៅចិញ្ចឹមពោះវៀន។ វាបង្កឱ្យមានការ រមួលពោះខ្លាំង រហូតដល់សន្លប់ និងបន្ទោបង់មានឈាម។ ប្រសិនបើផ្នែកខ្លះនៃពោះវៀនងាប់ ឬរលួយ វាអាចនាំឱ្យឆ្លងមេរោគក្នុងឈាម និងស្លាប់បាន៕