យោងតាមការស្រាវជ្រាវនិងការផ្សាយរបស់សារព័ត៌មានបរទេស ការជ្រើសរើសបង្គាដែលធំៗ និងស្រស់ៗខុសធម្មតា អាចជាអន្ទាក់ដែលធ្វើឱ្យអ្នកទិញចំបង្គាចាក់ទឹក ឬសារធាតុគីមី។ ដើម្បីសុវត្ថិភាពគ្រួសារ ចូរពិនិត្យមើលចំណុចសំខាន់ៗទាំង ៦ នេះ៖
- ១. រូបរាងបង្គា៖ បង្គាស្រស់ធម្មជាតិនឹងមានរាង “កោងបន្តិច”។ បើឃើញបង្គាណាដែលមានរាង “ត្រង់ភ្លឹង និងធាត់ហើម” ខុសប្រក្រតី នោះជាសញ្ញានៃការចាក់ទឹក ឬសារធាតុគីមីដើម្បីបង្កើនទម្ងន់។
- ២. ពិនិត្យក្បាលបង្គា៖ បង្គាស្រស់ ក្បាលនិងដងខ្លួនត្រូវ “ជាប់គ្នាស្អិត” មិនរលុង ឬមានទឹកហូរចេញតាមថ្នេរក្បាលឡើយ។ បើក្បាលហៀបនឹងដាច់ ឬរបេះ នោះគឺជាបង្គាចាស់។
- ៣. ប៉ះសំបកបង្គា៖ សំបកបង្គាស្រស់ត្រូវតែ “ស្ងួត និងជាប់សាច់មាំ”។ ប្រសិនបើប៉ះទៅមានអារម្មណ៍ថា “រអិលមានស្លេស្ម” ឬសាច់ទន់ជ្រាយដូចប៉ោងទឹក នោះគឺជាបង្គាគីមីហើយ។
- ៤. សង្កេតមើលកន្ទុយ៖ បង្គាស្រស់មានកន្ទុយ “បត់ចូលគ្នា”។ បើឃើញបង្គាមានកន្ទុយ “រីកសាយដូចកង្ហារ” ហើមៗ បញ្ជាក់ថាវាត្រូវបានគេបាញ់បញ្ចូលទឹកឱ្យហើមសាច់។
- ៥. ហិតក្លិន៖ បង្គាល្អត្រូវតែមានក្លិន “ឆ្អាបត្រីសមុទ្រធម្មជាតិ”។ ចៀសវាងដាច់ខាតបង្គាដែលមានក្លិនដូចថ្នាំសម្លាប់មេរោគ ក្លិនក្លរីន ឬក្លិនស្អុយខុសប្លែក។
- ៦. ពិនិត្យទឹកក្នុងថាស៖ ទឹកដែលដាក់ត្រាំបង្គាត្រូវតែ “ថ្លា”។ បើទឹកមានសភាពល្អក់ កក មានពពុះ ឬស្អិតៗ នោះជាសញ្ញានៃការប្រើប្រាស់សារធាតុរក្សាគុណភាពគីមី៕