យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព បានឱ្យដឹងថានៅក្នុងយុគសម័យឌីជីថល មនុស្សភាគច្រើនតែងកាន់ទូរស័ព្ទចូលបន្ទប់ទឹកដើម្បីកំដរអារម្មណ៍។ ប៉ុន្តែតាមពិតទៅ ឥរិយាបថនេះគឺជា “ឃាតករលាក់មុខ” ដែលកំពុងបំផ្លាញសុខភាពរន្ធគូថរបស់អ្នកដោយមិនដឹងខ្លួន។
ហេតុអ្វីបានជាការចុចទូរស័ព្ទ បង្កឱ្យមានជំងឺឫសដូងបាត?
១. បង្កឱ្យការអង្គុយយូរលើសកំណត់៖
ធម្មតា ការបន្ទោបង់មិនគួរចំណាយពេលលើសពី ៥ ទៅ ១០ នាទី ឡើយ។ នៅពេលអ្នករវល់មើលវីដេអូ ឬលេងបណ្តាញសង្គម អ្នកនឹងភ្លេចខ្លួនហើយអង្គុយយូរពេក។ ការអង្គុយលើបង្គន់យូរ បង្កសម្ពាធខ្លាំងទៅលើសរសៃឈាមវ៉ែនជុំវិញរន្ធគូថ ធ្វើឱ្យវារលាក ហើម និងកកឈាម ដែលជាដើមចមនៃជំងឺឫសដូងបាត។
២. ការខ្វះការផ្តោតអារម្មណ៍ (ខួរក្បាល និងពោះវៀន)៖
នៅពេលអ្នកផ្ដោតលើអេក្រង់ទូរស័ព្ទ ខួរក្បាលនឹងមិនបានផ្តល់សញ្ញាឱ្យរាងកាយបញ្ចេញកាកសំណល់ប្រកបដោយប្រសិទ្ធភាពនោះទេ។ នេះនាំឱ្យអ្នកត្រូវប្រឹងខ្លាំងជាងធម្មតាដោយមិនដឹងខ្លួន។ ការប្រឹងខ្លាំង និងញឹកញាប់ គឺជាកត្តាចម្បងដែលធ្វើឱ្យសរសៃឈាមរន្ធគូថរីកធំ និងប៉ោងចេញមកក្រៅ។
៣. ឥរិយាបថមិនត្រឹមត្រូវ៖
ការឱនមើលទូរស័ព្ទក្នុងរយៈពេលយូរ មិនត្រឹមតែប៉ះពាល់ដល់ឆ្អឹងកងខ្នងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើនសម្ពាធលើសាច់ដុំអាងត្រគាក ដែលរារាំងដំណើរការបន្ទោបង់ធម្មជាតិឱ្យមានការរអាក់រអួល។
រោគសញ្ញាដំបូងដែលអ្នកគួរប្រុងប្រយ័ត្ន៖
- មានអារម្មណ៍ថាបន្ទោបង់មិនអស់ ទោះបីជាអង្គុយយូរយ៉ាងណាក៏ដោយ។
- ចេញឈាមក្រហមស្រស់ បន្ទាប់ពីបន្ទោបង់រួច។
- មានអារម្មណ៍រមាស់ ចុកផ្សា ឬមានដុំពកតូចៗនៅជុំវិញមាត់រន្ធគូថ៕