យោងតាមការចុះផ្សាយពីសារព័ត៌មានសុខភាពបរទេស នៅវ័យ ៤០ ឆ្នាំ សុខភាពចាប់ផ្តើមប្រែប្រួល ហើយជំងឺលើសឈាមគឺជាហានិភ័យចម្បងនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ដើម្បីរក្សាសម្ពាធឈាមឱ្យមានស្ថិរភាព លោកអ្នកគួរកែសម្រួលទម្លាប់រស់នៅសាមញ្ញៗចំនួន ៥ ដូចខាងក្រោម៖
១. បន្ធូរភាពតានតឹង:
ភាពតានតឹងធ្វើឱ្យរាងកាយបញ្ចេញអរម៉ូនដែលធ្វើឱ្យសរសៃឈាមរួមតូច។ ចូរចំណាយពេលសម្រាកខ្លីៗ ៥ នាទីក្នុងអំឡុងពេលធ្វើការ ដើម្បីដើរស្រូបយកខ្យល់អាកាស ឬអនុវត្តការដកដង្ហើមវែងៗចំនួន ១០ ដង ដើម្បីឱ្យសរសៃឈាមធូរស្រាល។
២. កាត់បន្ថយជាតិប្រៃ:
កុំញ៉ាំប្រៃពេក! ចូរជៀសវាងអាហារកំប៉ុង និងអាហារកែច្នៃដែលសម្បូរអំបិល។ លោកអ្នកគួរងាកមកចម្អិនអាហារញ៉ាំនៅផ្ទះដោយខ្លួនឯង ដោយប្រើគ្រឿងទេសធម្មជាតិដូចជា ខ្ទឹមស ខ្ញី និងម្រេច ជំនួសឱ្យទឹកត្រី ឬអំបិលច្រើនហួសហេតុ។
៣. បន្ថែមប៉ូតាស្យូម និងម៉ាញ៉េស្យូម៖
សារធាតុរ៉ែទាំងពីរនេះជួយបន្ធូរសរសៃឈាម និងកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃជាតិប្រៃ។
- ប៉ូតាស្យូម៖ មានក្នុងចេក ដំឡូងជ្វា និងសណ្តែក។
- ម៉ាញ៉េស្យូម៖ មានក្នុងបន្លែបៃតងចាស់ ផ្លែបឺរ និងសូកូឡាខ្មៅ។
៤. លំហាត់ប្រាណបេះដូង:
ការដើរលឿនៗ ជិះកង់ ឬហែលទឹក ត្រឹមតែ ៣០ នាទីក្នុងមួយថ្ងៃ (៥ ថ្ងៃក្នុងមួយសប្តាហ៍) ជួយឱ្យបេះដូងរឹងមាំ និងសរសៃឈាមមានភាពបត់បែនបានល្អ ដែលជាវិធីបញ្ចុះសម្ពាធឈាមដ៏មានប្រសិទ្ធភាពបំផុត។
៥. កម្រិតការផឹកគ្រឿងស្រវឹង៖
គ្រឿងស្រវឹងគឺជាសត្រូវនៃសម្ពាធឈាម។ បុរសមិនគួរផឹកលើសពី ១-២ កំប៉ុងក្នុងមួយថ្ងៃឡើយ។ ចូរព្យាយាមកំណត់ថ្ងៃ “ឈប់ផឹក” ឱ្យបានទៀងទាត់ក្នុងមួយសប្តាហ៍ ដើម្បីឱ្យថ្លើម និងប្រព័ន្ធសរសៃឈាមបានសម្រាក៕