យោងតាមការចុះផ្សាយពីសារព័ត៌មានសុខភាពបរទេស បានឱ្យដឹងថា ការភ្ញាក់ពីដំណេកភ្លាមៗនៅចន្លោះម៉ោង ២ ដល់ ៤ ទៀបភ្លឺ ហើយមិនអាចគេងលក់វិញបានលើសពី ៣ ដងក្នុងមួយសប្តាហ៍ មិនមែនជារឿងធម្មតាឡើយ។ នេះគឺជាសញ្ញាដែលរាងកាយចង់ប្រាប់អ្នកអំពីបញ្ហាសុខភាពបង្កប់ខ្លួន ៤ យ៉ាង៖
១. ជំងឺសរសៃឈាមបេះដូង៖
ការរួមតូចនៃសរសៃឈាមបេះដូង បណ្តាលឱ្យលំហូរឈាមមិនគ្រប់គ្រាន់នៅពេលយប់ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថប់ដង្ហើម ឈឺទ្រូង និងភ្ញាក់ពីដំណេកទាំងកណ្តាលអធ្រាត្រ។ ប្រសិនបើអ្នកភ្ញាក់មកមានអាការៈហត់ ឬតឹងទ្រូង ចូរអង្គុយត្រង់ខ្លួនឱ្យខ្ពស់ ដើម្បីជួយដល់ការដកដង្ហើម។
២. បញ្ហាជាតិស្ករក្នុងឈាម (ទឹកនោមផ្អែម)៖
នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ តម្រងនោមត្រូវធ្វើការធ្ងន់ដើម្បីបញ្ចេញជាតិស្ករតាមទឹកនោម ដែលនាំឱ្យអ្នកភ្ញាក់មកនោមញឹកញាប់ និងស្រេកទឹកខ្លាំងនៅពេលយប់។ ការគ្រប់គ្រងរបបអាហារ និងជាតិស្ករឱ្យបានល្អមុនពេលចូលគេង គឺជាចំណុចសំខាន់។
៣. ជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ៖
ការភ្ញាក់ពីដំណេកមុនម៉ោងកំណត់ ១-២ ម៉ោង ជាសញ្ញាទូទៅនៃបញ្ហាផ្លូវចិត្ត។ អ្នកជំងឺច្រើនតែភ្ញាក់មកជាមួយអារម្មណ៍សោកសៅ ឬបារម្ភខ្លាំង។
- គន្លឹះ៖ នៅពេលភ្ញាក់ ហាមមើលនាឡិកា ឬប្រើទូរស័ព្ទភ្លាមៗ ព្រោះវាបង្កើនការថប់បារម្ភ ធ្វើឱ្យខួរក្បាលកាន់តែស្វាង។
៤. ជំងឺក្រពេញទីរ៉ូអ៊ីត ឬការប្រែប្រួលអ័រម៉ូនវ័យអស់រដូវ៖
- លើសអ័រម៉ូនទីរ៉ូអ៊ីត: ធ្វើឱ្យបេះដូងលោតញាប់ និងរំញោចប្រព័ន្ធប្រសាទឱ្យភ្ញាក់ពីគេង។
- វ័យអស់រដូវ៖ ការថយចុះអ័រម៉ូនអ៊ឹស្ត្រូសែន បណ្តាលឱ្យក្តៅភាយៗ និងបែកញើសពេលយប់ រំខានដល់ដំណេកយ៉ាងខ្លាំង។
ដំបូន្មានសុខភាព៖ បើអាការៈនេះកើតឡើងលើសពីមួយខែ អមដោយភាពអស់កម្លាំង និងការចងចាំចុះខ្សោយ លោកអ្នកគួរប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យបេះដូង ជាតិស្ករ និងកម្រិតអ័រម៉ូន៕